31 កេហាស៊ីទៅដល់មុនគេ គាត់យកដំបងទៅដាក់លើមុខក្មេងនោះ ប៉ុន្តែ ពុំមានឮសូរសំឡេង ឬមានចលនាអ្វីឡើយ។ កេហាស៊ីវិលមកជួបលោកអេលីសេជម្រាបថា៖ «ក្មេងនោះពុំភ្ញាក់ទេ»។
32 កាលលោកអេលីសេចូលទៅក្នុងផ្ទះ ក្មេងនោះដេកស្លាប់លើគ្រែផុតទៅហើយ។
33 លោកអេលីសេចូលទៅក្នុងបន្ទប់ ហើយបិទទ្វារជិត។ លោកនៅតែពីរនាក់ជាមួយក្មេងនោះ ដើម្បីទូលអង្វរព្រះអម្ចាស់។
34 បន្ទាប់មក លោកក៏ទ្រោបលើក្មេងនោះ ដោយយកមាត់ដាក់លើមាត់ ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃដែរ។ លោកទ្រោបលើក្មេងនោះ ធ្វើឲ្យខ្លួនរបស់វាមានកម្ដៅឡើងវិញ។
35 លោកអេលីសេចុះមកវិញ ហើយដើរចុះដើរឡើងនៅក្នុងផ្ទះ រួចក៏ឡើងទ្រោបលើខ្លួនក្មេងនោះសាជាថ្មី។ ស្រាប់តែក្មេងនោះកណ្ដាស់ប្រាំពីរដង រួចបើកភ្នែក។
36 លោកអេលីសេហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរហៅស្ត្រីអ្នកភូមិស៊ូណែមមក!»។ គាត់ក៏ទៅហៅនាង នាងចូលមកជិតលោកអេលីសេ លោកប្រាប់នាងថា៖ «ចូរយកកូននាងទៅចុះ!»។
37 នាងចូលទៅជិតលោក ហើយក្រាបចុះដល់ដីនៅជើងលោក រួចយកកូនចេញមក។