២ ពង្សា‌វតារ‌ក្សត្រ 4:33-39 KHSV

33 លោក​អេលីសេ​ចូល​ទៅ​ក្នុង​បន្ទប់ ហើយ​បិទ​ទ្វារ​ជិត។ លោក​នៅ​តែ​ពីរ​នាក់​ជា​មួយ​ក្មេង​នោះ ដើម្បី​ទូល‌អង្វរ​ព្រះ‌អម្ចាស់។

34 បន្ទាប់​មក លោក​ក៏​ទ្រោប​លើ​ក្មេង​នោះ ដោយ​យក​មាត់​ដាក់​លើ​មាត់ ភ្នែក​ទល់​នឹង​ភ្នែក ហើយ​ដៃ​ដាក់​លើ​ដៃ​ដែរ។ លោក​ទ្រោប​លើ​ក្មេង​នោះ ធ្វើ​ឲ្យ​ខ្លួន​របស់​វា​មាន​កម្ដៅ​ឡើង​វិញ។

35 លោក​អេលីសេ​ចុះ​មក​វិញ ហើយ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ក្នុង​ផ្ទះ រួច​ក៏​ឡើង​ទ្រោប​លើ​ខ្លួន​ក្មេង​នោះ​សា​ជា​ថ្មី។ ស្រាប់​តែ​ក្មេង​នោះ​កណ្ដាស់​ប្រាំ‌ពីរ​ដង រួច​បើក​ភ្នែក។

36 លោក​អេលីសេ​ហៅ​កេហា‌ស៊ី​មក ហើយ​មាន​ប្រសាសន៍​ថា៖ «ចូរ​ហៅ​ស្ត្រី​អ្នក​ភូមិ​ស៊ូ‌ណែម​មក!»។ គាត់​ក៏​ទៅ​ហៅ​នាង នាង​ចូល​មក​ជិត​លោក​អេលីសេ លោក​ប្រាប់​នាង​ថា៖ «ចូរ​យក​កូន​នាង​ទៅ​ចុះ!»។

37 នាង​ចូល​ទៅ​ជិត​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​លោក រួច​យក​កូន​ចេញ​មក។

38 លោក​អេលីសេ​វិល​ត្រឡប់​ទៅ​គីល‌កាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ព្យាការី​អង្គុយ​នៅ​មុខ​លោក​អេលីសេ លោក​មាន​ប្រសាសន៍​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ព្យាការី»។

39 មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ចេញ​ទៅ​រក​បន្លែ​នៅ​ឯ​វាល។ គាត់​ប្រទះ​ឃើញ​វល្លិ​ព្រៃ​ម្យ៉ាង ក៏​បេះ​ផ្លែ​វា​បាន​ពេញ​មួយ​ថ្នក់។ លុះ​ត្រឡប់​វិញ គាត់​កាត់​ផ្លែ​នោះ​ជា​ដុំៗ បង់​ចូល​ក្នុង​ថ្លាង​បបរ ប៉ុន្តែ គ្មាន​នរណា​ម្នាក់​ស្គាល់​ផ្លែ​នោះ​ទេ។