38 លោកអេលីសេវិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមព្យាការីអង្គុយនៅមុខលោកអេលីសេ លោកមានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមព្យាការី»។
39 មានម្នាក់ក្នុងចំណោមពួកគេ ចេញទៅរកបន្លែនៅឯវាល។ គាត់ប្រទះឃើញវល្លិព្រៃម្យ៉ាង ក៏បេះផ្លែវាបានពេញមួយថ្នក់។ លុះត្រឡប់វិញ គាត់កាត់ផ្លែនោះជាដុំៗ បង់ចូលក្នុងថ្លាងបបរ ប៉ុន្តែ គ្មាននរណាម្នាក់ស្គាល់ផ្លែនោះទេ។
40 បន្ទាប់មក គេដួសបបរជូនក្រុមព្យាការីគ្រប់គ្នាៗ។ ពេលក្រុមព្យាការីភ្លក់បបរនោះ ពួកគេស្រែកឡើងថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ! បបរនេះមានជាតិពុលហើយ!»។ ពួកគេពុំអាចបរិភោគទេ។
41 លោកអេលីសេប្រាប់គេឲ្យយកម្សៅមកជូនលោក លោកបង់ម្សៅនោះទៅក្នុងថ្លាង ហើយមានប្រសាសន៍ថា៖ «ចូរដួសបបរឲ្យអ្នកទាំងនេះបរិភោគចុះ!»។ ពេលនោះ គ្មានជាតិពុលនៅក្នុងបបរទៀតឡើយ។
42 មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកមានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។
43 ប៉ុន្តែ អ្នកបម្រើរបស់លោកឆ្លើយថា៖ «តើខ្ញុំអាចយកអាហារតែប៉ុណ្ណេះចែកជូនមនុស្សដល់ទៅមួយរយនាក់គ្រាន់ឬ?»។ លោកមានប្រសាសន៍ថា៖ «ចូរយកចែកឲ្យពួកគេបរិភោគចុះ ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា “ពួកគេនឹងបរិភោគឆ្អែត ហើយនៅសេសសល់ទៀតផង”»។
44 អ្នកបម្រើក៏យកអាហារចែកជូនមនុស្សទាំងអស់នៅទីនោះ។ ពួកគេបរិភោគឆ្អែត ហើយមានអាហារនៅសេសសល់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។