1 មានបុរសម្នាក់ឈ្មោះណាម៉ាន់ ជាមេទ័ពរបស់ស្ដេចស្រុកស៊ីរី។ ស្ដេចសព្វព្រះហឫទ័យនឹងលោកណាស់ ដ្បិតព្រះអម្ចាស់ប្រទានជ័យជំនះដល់ស្រុកស៊ីរី ព្រោះតែលោក។ ប៉ុន្តែ មេទ័ពដ៏ខ្លាំងពូកែនេះកើតរោគឃ្លង់។
2 គ្រានោះ កងទ័ពស៊ីរីបានចេញមកច្បាំងនឹងស្រុកអ៊ីស្រាអែល ហើយចាប់បានក្មេងស្រីម្នាក់នាំយកទៅជាឈ្លើយ។ ក្មេងស្រីនេះនៅបម្រើភរិយារបស់លោកណាម៉ាន់។
3 នាងជម្រាបម្ចាស់ស្រីថា៖ «ប្រសិនបើលោកម្ចាស់អាចទៅជួបព្យាការីនៅក្រុងសាម៉ារី លោកមុខជាជួយលោកម្ចាស់ឲ្យជាសះស្បើយពីរោគឃ្លង់ពុំខាន!»។
4 លោកណាម៉ាន់នាំយកពាក្យក្មេងស្រីពីស្រុកអ៊ីស្រាអែលនោះទៅទូលស្ដេចស្រុកស៊ីរី។
5 ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្ដេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
6 លោកយកសំបុត្ររបស់ស្ដេចស្រុកស៊ីរីថ្វាយស្ដេចអ៊ីស្រាអែល សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «សូមព្រះករុណាជ្រាបថា អ្នកដែលនាំសំបុត្រនេះមកថ្វាយ គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ទូលបង្គំ សូមព្រះករុណាមេត្តាជួយព្យាបាលលោក ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។
7 កាលស្ដេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសាហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្ដេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្ដេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។