២ ពង្សា‌វតារ‌ក្សត្រ 5:12-18 KHSV

12 នៅ​ក្រុង​ដាម៉ាស​ក៏​មាន​ទន្លេ​ដែរ គឺ​ទន្លេ​អាបាណា និង​ទន្លេ​ផើ‌ផើរ បើ​គ្រាន់​តែ​មុជ​ទឹក ហើយ​ខ្ញុំ​បាន​ជា​សះ‌ស្បើយ​នោះ ខ្ញុំ​ទៅ​មុជ​ទឹក​ទន្លេ​នៅ​ស្រុក​ខ្ញុំ ប្រសើរ​ជាង​មុជ​ទឹក​ក្នុង​ទន្លេ​ទាំង​ប៉ុន្មាន នៅ​ស្រុក​អ៊ីស្រា‌អែល​នេះ!»។ លោក​ណាម៉ាន់​ចាក​ចេញ​ទៅ ទាំង​ក្រេវ‌ក្រោធ។

13 ប៉ុន្តែ អ្នក​បម្រើ​របស់​លោក​ចូល​ទៅ​ជិត​លោក ជម្រាប​ថា៖ «លោក​ឪពុក! ប្រសិន​បើ​ព្យាការី​បង្គាប់​ឲ្យ​ធ្វើ​កិច្ចការ​អ្វី​ពិបាក នោះ​លោក​ប្រាកដ​ជា​ធ្វើ​តាម​មិន​ខាន ពេល​នេះ ព្យាការី​គ្រាន់​តែ​សុំ​ឲ្យ​លោក​មុជ​ទឹក ដើម្បី​ជា​ស្អាត​បរិសុទ្ធ ម្ដេច​ក៏​លោក​មិន​ធ្វើ​តាម?»។

14 លោក​ណាម៉ាន់​ក៏​ចុះ​ទៅ​ក្នុង​ទន្លេ​យ័រដាន់ ហើយ​មុជ​ក្នុង​ទឹក​ចំនួន​ប្រាំ‌ពីរ​ដង តាម​ពាក្យ​ដែល​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​បាន​ប្រាប់ ស្រាប់​តែ​សាច់​របស់​លោក​ឡើង​ស្អាត ដូច​សាច់​កូន​ក្មេង លោក​ក៏​ជា​ស្អាត​បរិសុទ្ធ។

15 លោក​ត្រឡប់​មក​ជួប​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ជា​មួយ​ពួក​បម្រើ​របស់​លោក។ ពេល​ទៅ​ដល់ លោក​ឈរ​នៅ​មុខ​ព្យាការី ជម្រាប​ថា៖ «ខ្ញុំ​ប្របាទ​ដឹង​ច្បាស់​ថា នៅ​លើ​ផែនដី​ទាំង​មូល ក្រៅ​ពី​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ឡើយ! ឥឡូវ​នេះ សូម​លោក​មេត្តា​ទទួល​ជំនូន​ពី​ខ្ញុំ​ប្របាទ​ផង​ចុះ»។

16 លោក​អេលីសេ​មាន​ប្រសាសន៍​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​អង្វរ​សូម​ឲ្យ​ព្យាការី​ទទួល តែ​លោក​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។

17 លោក​ណាម៉ាន់​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​លោក​មិន​ព្រម​ទេ​នោះ សូម​មេត្តា​អនុញ្ញាត ឲ្យ​ខ្ញុំ​ប្របាទ​យក​ដី ផ្ទុក​លើ​ខ្នង​លា​ពីរ ដឹក​ទៅ​ផង ដ្បិត​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​ប្របាទ​មិន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់​ឡើយ។

18 ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ប្របាទ នៅ​ពេល​ណា​ព្រះ‌រាជា​របស់​ខ្ញុំ​ប្របាទ​យាង​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ​រីម៉ូន​ក្នុង​ព្រះ‌វិហារ ស្ដេច​តែងតែ​ទប់​ព្រះ‌កាយ​លើ​ដៃ​របស់​ខ្ញុំ​ប្របាទ នោះ​ខ្ញុំ​ប្របាទ​ត្រូវ​តែ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ‌រីម៉ូន​ដែរ។ ដូច្នេះ កាល​ណា​ខ្ញុំ​ប្របាទ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ‌រីម៉ូន សូម​ព្រះ‌អម្ចាស់​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ប្របាទ​ផង»។