15 លោកត្រឡប់មកជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ ជាមួយពួកបម្រើរបស់លោក។ ពេលទៅដល់ លោកឈរនៅមុខព្យាការី ជម្រាបថា៖ «ខ្ញុំប្របាទដឹងច្បាស់ថា នៅលើផែនដីទាំងមូល ក្រៅពីព្រះរបស់ជនជាតិអ៊ីស្រាអែល គ្មានព្រះណាផ្សេងទៀតឡើយ! ឥឡូវនេះ សូមលោកមេត្តាទទួលជំនូនពីខ្ញុំប្របាទផងចុះ»។
16 លោកអេលីសេមានប្រសាសន៍តបវិញថា៖ «ខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលខ្ញុំគោរពបម្រើថា ខ្ញុំមិនទទួលជំនូនអ្វីពីលោកទេ!»។ លោកណាម៉ាន់ទទូចអង្វរសូមឲ្យព្យាការីទទួល តែលោកមិនព្រមទទួលជាដាច់ខាត។
17 លោកណាម៉ាន់ក៏មានប្រសាសន៍ថា៖ «បើលោកមិនព្រមទេនោះ សូមមេត្តាអនុញ្ញាត ឲ្យខ្ញុំប្របាទយកដី ផ្ទុកលើខ្នងលាពីរ ដឹកទៅផង ដ្បិតពីពេលនេះតទៅ ខ្ញុំប្របាទមិនថ្វាយតង្វាយដុតទាំងមូល ឬយញ្ញបូជាចំពោះព្រះដទៃ ក្រៅពីព្រះអម្ចាស់ឡើយ។
18 ប៉ុន្តែ សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទ នៅពេលណាព្រះរាជារបស់ខ្ញុំប្របាទយាងចូលទៅថ្វាយបង្គំព្រះរីម៉ូនក្នុងព្រះវិហារ ស្ដេចតែងតែទប់ព្រះកាយលើដៃរបស់ខ្ញុំប្របាទ នោះខ្ញុំប្របាទត្រូវតែក្រាបនៅចំពោះមុខព្រះរីម៉ូនដែរ។ ដូច្នេះ កាលណាខ្ញុំប្របាទក្រាបនៅចំពោះមុខព្រះរីម៉ូន សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទផង»។
19 ព្យាការីអេលីសេមានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។កាលលោកណាម៉ាន់ចាកចេញពីព្យាការីអេលីសេបានឆ្ងាយបន្តិច
20 កេហាស៊ី ជាអ្នកបម្រើរបស់លោកអេលីសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នឹកគិតថា៖ «ម្ចាស់របស់ខ្ញុំប្រកែកមិនព្រមទទួលជំនូនពីលោកណាម៉ាន់ ជាជនជាតិស៊ីរីសោះ។ ខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា ខ្ញុំនឹងរត់ដេញតាមលោកណាម៉ាន់ ដើម្បីសុំរបស់ខ្លះពីគាត់!»។
21 កេហាស៊ីក៏រត់តាមលោកណាម៉ាន់។ កាលលោកណាម៉ាន់ឃើញកេហាស៊ីរត់មកតាមលោក លោកក៏ប្រញាប់ចុះពីលើរទេះមកទទួល ហើយសួរថា៖ «តើមានហេតុការណ៍អ្វី?»។