២ ពង្សា‌វតារ‌ក្សត្រ 5:16-22 KHSV

16 លោក​អេលីសេ​មាន​ប្រសាសន៍​តប​វិញ​ថា៖ «ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ ហើយ​ដែល​ខ្ញុំ​គោរព​បម្រើ​ថា ខ្ញុំ​មិន​ទទួល​ជំនូន​អ្វី​ពី​លោក​ទេ!»។ លោក​ណាម៉ាន់​ទទូច​អង្វរ​សូម​ឲ្យ​ព្យាការី​ទទួល តែ​លោក​មិន​ព្រម​ទទួល​ជា​ដាច់​ខាត។

17 លោក​ណាម៉ាន់​ក៏​មាន​ប្រសាសន៍​ថា៖ «បើ​លោក​មិន​ព្រម​ទេ​នោះ សូម​មេត្តា​អនុញ្ញាត ឲ្យ​ខ្ញុំ​ប្របាទ​យក​ដី ផ្ទុក​លើ​ខ្នង​លា​ពីរ ដឹក​ទៅ​ផង ដ្បិត​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​ប្របាទ​មិន​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ដទៃ ក្រៅ​ពី​ព្រះ‌អម្ចាស់​ឡើយ។

18 ប៉ុន្តែ សូម​ព្រះ‌អម្ចាស់​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ប្របាទ នៅ​ពេល​ណា​ព្រះ‌រាជា​របស់​ខ្ញុំ​ប្របាទ​យាង​ចូល​ទៅ​ថ្វាយ‌បង្គំ​ព្រះ​រីម៉ូន​ក្នុង​ព្រះ‌វិហារ ស្ដេច​តែងតែ​ទប់​ព្រះ‌កាយ​លើ​ដៃ​របស់​ខ្ញុំ​ប្របាទ នោះ​ខ្ញុំ​ប្របាទ​ត្រូវ​តែ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ‌រីម៉ូន​ដែរ។ ដូច្នេះ កាល​ណា​ខ្ញុំ​ប្របាទ​ក្រាប​នៅ​ចំពោះ​មុខ​ព្រះ‌រីម៉ូន សូម​ព្រះ‌អម្ចាស់​មេត្តា​អត់‌ទោស​ឲ្យ​ខ្ញុំ​ប្របាទ​ផង»។

19 ព្យាការី​អេលីសេ​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។កាល​លោក​ណាម៉ាន់​ចាក​ចេញ​ពី​ព្យាការី​អេលីសេ​បាន​ឆ្ងាយ​បន្តិច

20 កេហា‌ស៊ី ជា​អ្នក​បម្រើ​របស់​លោក​អេលីសេ អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ នឹក​គិត​ថា៖ «ម្ចាស់​របស់​ខ្ញុំ​ប្រកែក​មិន​ព្រម​ទទួល​ជំនូន​ពី​លោក​ណាម៉ាន់ ជា​ជន‌ជាតិ​ស៊ីរី​សោះ។ ខ្ញុំ​សូម​ស្បថ ក្នុង​នាម​ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ខ្ញុំ​នឹង​រត់​ដេញ​តាម​លោក​ណាម៉ាន់ ដើម្បី​សុំ​របស់​ខ្លះ​ពី​គាត់!»។

21 កេហា‌ស៊ី​ក៏​រត់​តាម​លោក​ណាម៉ាន់។ កាល​លោក​ណាម៉ាន់​ឃើញ​កេហា‌ស៊ី​រត់​មក​តាម​លោក លោក​ក៏​ប្រញាប់​ចុះ​ពី​លើ​រទេះ​មក​ទទួល ហើយ​សួរ​ថា៖ «តើ​មាន​ហេតុ‌ការណ៍​អ្វី?»។

22 កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ​ប្របាទ​ចាត់​ខ្ញុំ​ប្របាទ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ព្យាការី​ពីរ​រូប​មក​ពី​តំបន់​ភ្នំ​អេប្រាអ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្ដល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។