18 ប៉ុន្តែ សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទ នៅពេលណាព្រះរាជារបស់ខ្ញុំប្របាទយាងចូលទៅថ្វាយបង្គំព្រះរីម៉ូនក្នុងព្រះវិហារ ស្ដេចតែងតែទប់ព្រះកាយលើដៃរបស់ខ្ញុំប្របាទ នោះខ្ញុំប្របាទត្រូវតែក្រាបនៅចំពោះមុខព្រះរីម៉ូនដែរ។ ដូច្នេះ កាលណាខ្ញុំប្របាទក្រាបនៅចំពោះមុខព្រះរីម៉ូន សូមព្រះអម្ចាស់មេត្តាអត់ទោសឲ្យខ្ញុំប្របាទផង»។
19 ព្យាការីអេលីសេមានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។កាលលោកណាម៉ាន់ចាកចេញពីព្យាការីអេលីសេបានឆ្ងាយបន្តិច
20 កេហាស៊ី ជាអ្នកបម្រើរបស់លោកអេលីសេ អ្នកជំនិតរបស់ព្រះជាម្ចាស់ នឹកគិតថា៖ «ម្ចាស់របស់ខ្ញុំប្រកែកមិនព្រមទទួលជំនូនពីលោកណាម៉ាន់ ជាជនជាតិស៊ីរីសោះ។ ខ្ញុំសូមស្បថ ក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា ខ្ញុំនឹងរត់ដេញតាមលោកណាម៉ាន់ ដើម្បីសុំរបស់ខ្លះពីគាត់!»។
21 កេហាស៊ីក៏រត់តាមលោកណាម៉ាន់។ កាលលោកណាម៉ាន់ឃើញកេហាស៊ីរត់មកតាមលោក លោកក៏ប្រញាប់ចុះពីលើរទេះមកទទួល ហើយសួរថា៖ «តើមានហេតុការណ៍អ្វី?»។
22 កេហាស៊ីឆ្លើយថា៖ «គ្មានហេតុការណ៍អ្វីទេ! ប៉ុន្តែ ម្ចាស់របស់ខ្ញុំប្របាទចាត់ខ្ញុំប្របាទឲ្យមកជម្រាបលោកថា “មានសមាជិកនៃក្រុមព្យាការីពីររូបមកពីតំបន់ភ្នំអេប្រាអ៊ីម ទើបនឹងមកដល់ផ្ទះខ្ញុំ សូមលោកមេត្តាជួយផ្ដល់ប្រាក់មួយហាប និងសម្លៀកបំពាក់ពីរបន្លាស់សម្រាប់គេទាំងពីរផង”»។
23 លោកណាម៉ាន់មានប្រសាសន៍ថា៖ «សូមទទួលយកប្រាក់ពីរហាបចុះ»។ លោកបង្ខំកេហាស៊ីឲ្យទទួលប្រាក់ពីរហាប ព្រមទាំងសម្លៀកបំពាក់ពីរបន្លាស់ដាក់ក្នុងថង់ពីរ រួចចាត់អ្នកបម្រើពីរនាក់ឲ្យលីទៅជាមួយកេហាស៊ី។
24 លុះមកដល់កន្លែងដែលមានទួល កេហាស៊ីទទួលថង់ទាំងពីរពីដៃអ្នកបម្រើ យកទៅទុកក្នុងផ្ទះរបស់គាត់ ហើយប្រាប់អ្នកទាំងពីរឲ្យវិលត្រឡប់ទៅវិញ។