21 កេហាស៊ីក៏រត់តាមលោកណាម៉ាន់។ កាលលោកណាម៉ាន់ឃើញកេហាស៊ីរត់មកតាមលោក លោកក៏ប្រញាប់ចុះពីលើរទេះមកទទួល ហើយសួរថា៖ «តើមានហេតុការណ៍អ្វី?»។
22 កេហាស៊ីឆ្លើយថា៖ «គ្មានហេតុការណ៍អ្វីទេ! ប៉ុន្តែ ម្ចាស់របស់ខ្ញុំប្របាទចាត់ខ្ញុំប្របាទឲ្យមកជម្រាបលោកថា “មានសមាជិកនៃក្រុមព្យាការីពីររូបមកពីតំបន់ភ្នំអេប្រាអ៊ីម ទើបនឹងមកដល់ផ្ទះខ្ញុំ សូមលោកមេត្តាជួយផ្ដល់ប្រាក់មួយហាប និងសម្លៀកបំពាក់ពីរបន្លាស់សម្រាប់គេទាំងពីរផង”»។
23 លោកណាម៉ាន់មានប្រសាសន៍ថា៖ «សូមទទួលយកប្រាក់ពីរហាបចុះ»។ លោកបង្ខំកេហាស៊ីឲ្យទទួលប្រាក់ពីរហាប ព្រមទាំងសម្លៀកបំពាក់ពីរបន្លាស់ដាក់ក្នុងថង់ពីរ រួចចាត់អ្នកបម្រើពីរនាក់ឲ្យលីទៅជាមួយកេហាស៊ី។
24 លុះមកដល់កន្លែងដែលមានទួល កេហាស៊ីទទួលថង់ទាំងពីរពីដៃអ្នកបម្រើ យកទៅទុកក្នុងផ្ទះរបស់គាត់ ហើយប្រាប់អ្នកទាំងពីរឲ្យវិលត្រឡប់ទៅវិញ។
25 បន្ទាប់មក គាត់ចូលទៅជួបលោកអេលីសេ ជាម្ចាស់របស់គាត់ លោកសួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។
26 គាត់ឆ្លើយថា៖ «ខ្ញុំប្របាទពុំបានទៅណាទេ លោកម្ចាស់»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចិត្តគំនិតរបស់ខ្ញុំទៅតាមឯងជាប់ នៅពេលលោកមេទ័ពចុះពីរទេះមកទទួលឯង។ ពេលនេះ មិនមែនជាពេលដែលត្រូវទទួលយកប្រាក់ សម្លៀកបំពាក់ ឬផ្លែអូលីវ ផ្លែទំពាំងបាយជូរ ចៀម គោ ឬអ្នកបម្រើប្រុសស្រីឡើយ។
27 ដូច្នេះ រោគឃ្លង់របស់លោកណាម៉ាន់នឹងកើតដល់ឯង ព្រមទាំងកូនចៅឯងរហូតតទៅ!»។កាលកេហាស៊ីចាកចេញពីព្យាការីអេលីសេទៅ គាត់ក៏កើតរោគឃ្លង់ ហើយខ្លួនប្រាណរបស់គាត់ឡើងសដូចសំឡី។