២ ពង្សា‌វតារ‌ក្សត្រ 5:3-9 KHSV

3 នាង​ជម្រាប​ម្ចាស់​ស្រី​ថា៖ «ប្រសិន​បើ​លោក​ម្ចាស់​អាច​ទៅ​ជួប​ព្យាការី​នៅ​ក្រុង​សាម៉ារី លោក​មុខ​ជា​ជួយ​លោក​ម្ចាស់​ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ពុំ‌ខាន!»។

4 លោក​ណាម៉ាន់​នាំ​យក​ពាក្យ​ក្មេង​ស្រី​ពី​ស្រុក​អ៊ីស្រា‌អែល​នោះ​ទៅ​ទូល​ស្ដេច​ស្រុក​ស៊ីរី។

5 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ក្រុង​សាម៉ារី​ចុះ! យើង​នឹង​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល»។ លោក​ណាម៉ាន់​ចេញ​ដំណើរ​ទៅ ដោយ​នាំ​យក​ប្រាក់​ដប់​ហាប មាស​ប្រាំ​មួយ​ពាន់​ស្លឹង និង​សម្លៀក‌បំពាក់​ដប់​បន្លាស់​ទៅ​ជា​មួយ​ផង។

6 លោក​យក​សំបុត្រ​របស់​ស្ដេច​ស្រុក​ស៊ីរី​ថ្វាយ​ស្ដេច​អ៊ីស្រា‌អែល សំបុត្រ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖ «សូម​ព្រះ‌ករុណា​ជ្រាប​ថា អ្នក​ដែល​នាំ​សំបុត្រ​នេះ​មក​ថ្វាយ គឺ​លោក​ណាម៉ាន់ ជា​មន្ត្រី​របស់​ទូលបង្គំ សូម​ព្រះ‌ករុណា​មេត្តា​ជួយ​ព្យាបាល​លោក ឲ្យ​ជា​សះ‌ស្បើយ​ពី​រោគ​ឃ្លង់​ផង»។

7 កាល​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​អាន​សំបុត្រ​នេះ​ចប់ ទ្រង់​ហែក​ព្រះ‌ភូសា​ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «តើ​យើង​នេះ​ជា​ព្រះ​ដែល​អាច​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ និង​រស់​កើត​ឬ បាន​ជា​ស្ដេច​បញ្ជូន​មនុស្ស​ឃ្លង់​មក​ឲ្យ​យើង​ព្យាបាល​ដូច្នេះ? សូម​ជួយ​ពិចារណា​មើល​ចុះ! ស្ដេច​ស្រុក​ស៊ីរី​ពិត​ជា​រក​លេស បង្ក​ជម្លោះ​ជា​មួយ​យើង​ហើយ!»។

8 កាល​ព្យាការី​អេលីសេ​ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ជ្រាប​ថា ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ហែក​ព្រះ‌ភូសា លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ទូល​សួរ​ស្ដេច​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ហែក​ព្រះ‌ភូសា​ដូច្នេះ? សូម​ប្រាប់​ឲ្យ​លោក​ណាម៉ាន់​មក​ជួប​នឹង​ទូលបង្គំ​ចុះ នោះ​គាត់​នឹង​ដឹង​ថា នៅ​ស្រុក​អ៊ីស្រា‌អែល​មាន​ព្យាការី​ម្នាក់​មែន!»។

9 លោក​ណាម៉ាន់​ជិះ​រទេះ​សេះ​មក​ឈប់​នៅ​មុខ​ផ្ទះ​លោក​អេលីសេ។