5 ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្ដេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
6 លោកយកសំបុត្ររបស់ស្ដេចស្រុកស៊ីរីថ្វាយស្ដេចអ៊ីស្រាអែល សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «សូមព្រះករុណាជ្រាបថា អ្នកដែលនាំសំបុត្រនេះមកថ្វាយ គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ទូលបង្គំ សូមព្រះករុណាមេត្តាជួយព្យាបាលលោក ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។
7 កាលស្ដេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសាហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្ដេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្ដេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។
8 កាលព្យាការីអេលីសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់ជ្រាបថា ស្ដេចស្រុកអ៊ីស្រាអែលហែកព្រះភូសា លោកក៏ចាត់គេឲ្យទៅទូលសួរស្ដេចថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងទូលបង្គំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រាអែលមានព្យាការីម្នាក់មែន!»។
9 លោកណាម៉ាន់ជិះរទេះសេះមកឈប់នៅមុខផ្ទះលោកអេលីសេ។
10 ព្យាការីអេលីសេចាត់គេឲ្យទៅជម្រាបលោកថា៖ «សូមអញ្ជើញទៅមុជទឹកទន្លេយ័រដាន់ឲ្យបានចំនួនប្រាំពីរដងចុះ នោះស្បែករបស់លោកនឹងជាសះស្បើយ ហើយលោកនឹងបានបរិសុទ្ធមិនខាន»។
11 លោកណាម៉ាន់ក៏ខឹង ហើយដើរចេញទៅ ទាំងរអ៊ូថា៖ «ខ្ញុំនឹកស្មានថាព្យាការីមុខជាចេញមកទទួលខ្ញុំ ហើយឈរទូលអង្វរព្រះអម្ចាស់ ជាព្រះរបស់លោក រួចដាក់ដៃលើដំបៅរបស់ខ្ញុំឲ្យជាសះស្បើយ។