11 ស្ដេចស្រុកស៊ីរីមានព្រះហឫទ័យខ្វល់ខ្វាយជាខ្លាំងចំពោះហេតុការណ៍នេះ ទ្រង់កោះហៅពួកមេទ័ពមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអស់លោកមិនប្រាប់ឲ្យខ្ញុំដឹងថា ក្នុងចំណោមពួកយើង មានម្នាក់ចូលដៃជាមួយស្ដេចស្រុកអ៊ីស្រាអែល?»។
12 មានមេទ័ពម្នាក់ទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលព្រះករុណាមានរាជឱង្ការក្នុងក្រឡាបន្ទំ ព្យាការីអេលីសេនៅស្រុកអ៊ីស្រាអែល យកទៅទូលស្ដេចស្រុកអ៊ីស្រាអែលទាំងអស់»។
13 ស្ដេចស្រុកស៊ីរីមានរាជឱង្ការថា៖ «ចូរទៅរកមើលកន្លែងដែលគាត់នៅ យើងនឹងចាត់មនុស្សឲ្យទៅចាប់!»។ គេទូលស្ដេចថា៖ «លោកនៅក្រុងដូថាន់»។
14 ស្ដេចស្រុកស៊ីរីចាត់ពលទាហានយ៉ាងច្រើន មានទាំងពលសេះ និងរទេះចំបាំងផង។ កងទ័ពស៊ីរីទៅដល់ក្នុងពេលយប់នោះ ហើយឡោមព័ទ្ធទីក្រុង។
15 លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់បានភ្ញាក់ពីព្រលឹម ចេញមកក្រៅ ឃើញមានពលទាហាន មានទ័ពសេះ និងរទេះចំបាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្ដេច?»។
16 លោកឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។
17 លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញ នៅលើភ្នំ មានសុទ្ធតែទ័ពសេះ និងរទេះចំបាំងជាភ្លើង ជុំវិញលោកអេលីសេ។