18 ពលទាហានស៊ីរីចុះតម្រង់មករកលោកអេលីសេ លោកអធិស្ឋានព្រះអម្ចាស់ថា៖ «សូមព្រះអង្គមេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ ព្រះអម្ចាស់ក៏ធ្វើឲ្យទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់លោកអេលីសេ។
19 លោកអេលីសេប្រាប់ពួកគេថា៖ «អ្នករាល់គ្នាច្រឡំផ្លូវហើយ មិនមែនក្រុងនេះទេដែលអ្នករាល់គ្នាត្រូវទៅនោះ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបមនុស្ស ដែលអ្នករាល់គ្នាកំពុងស្វែងរក»។ លោកនាំពួកគេចូលក្រុងសាម៉ារី។
20 លុះពួកគេចូលក្នុងក្រុងសាម៉ារីហើយ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាប្រោសឲ្យភ្នែករបស់អ្នកទាំងនេះភ្លឺផង!»។ ព្រះអម្ចាស់ធ្វើឲ្យភ្នែករបស់ពួកគេភ្លឺ ហើយពួកគេឃើញថា ខ្លួនកំពុងស្ថិតនៅកណ្ដាលក្រុងសាម៉ារី។
21 ពេលស្ដេចស្រុកអ៊ីស្រាអែលទតឃើញទាហានស៊ីរី ស្ដេចមានរាជឱង្ការសួរលោកអេលីសេថា៖ «លោកឪពុក! តើយើងត្រូវប្រហារជីវិតពួកគេឬ?»។
22 លោកទូលស្ដេចថា៖ «សូមកុំប្រហារជីវិតពួកគេធ្វើអ្វី តើព្រះករុណាគួរប្រហារជីវិតឈ្លើយសឹកដោយមុខដាវ ឬដោយព្រួញ? សូមព្រះករុណាប្រទាននំបុ័ង និងទឹកឲ្យពួកគេបរិភោគ រួចលែងពួកគេឲ្យវិលទៅជួបម្ចាស់របស់ខ្លួនវិញចុះ»។
23 ស្ដេចស្រុកអ៊ីស្រាអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្ដេចឲ្យពួកគេវិលទៅរកម្ចាស់របស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមក ទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រាអែលទៀត។
24 លុះក្រោយមក ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។