22 លោកទូលស្ដេចថា៖ «សូមកុំប្រហារជីវិតពួកគេធ្វើអ្វី តើព្រះករុណាគួរប្រហារជីវិតឈ្លើយសឹកដោយមុខដាវ ឬដោយព្រួញ? សូមព្រះករុណាប្រទាននំបុ័ង និងទឹកឲ្យពួកគេបរិភោគ រួចលែងពួកគេឲ្យវិលទៅជួបម្ចាស់របស់ខ្លួនវិញចុះ»។
23 ស្ដេចស្រុកអ៊ីស្រាអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្ដេចឲ្យពួកគេវិលទៅរកម្ចាស់របស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមក ទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រាអែលទៀត។
24 លុះក្រោយមក ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។
25 ដូច្នេះ នៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្ដែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។
26 ថ្ងៃមួយ ស្ដេចស្រុកអ៊ីស្រាអែលកំពុងយាងនៅលើកំពែង ស្រាប់តែមានស្ត្រីម្នាក់ស្រែកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! សូមជួយខ្ញុំម្ចាស់ផង!»។
27 ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើព្រះអម្ចាស់មិនជួយនាងទេនោះ ធ្វើម្ដេចឲ្យយើងជួយនាងបាន? ស្រូវ យើងក៏គ្មាន ស្រាទំពាំងបាយជូរ ក៏គ្មានដែរ»។
28 ស្ដេចមានរាជឱង្ការទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងទូលថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំម្ចាស់ថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។