23 ស្ដេចស្រុកអ៊ីស្រាអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្ដេចឲ្យពួកគេវិលទៅរកម្ចាស់របស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមក ទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រាអែលទៀត។
24 លុះក្រោយមក ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។
25 ដូច្នេះ នៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្ដែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។
26 ថ្ងៃមួយ ស្ដេចស្រុកអ៊ីស្រាអែលកំពុងយាងនៅលើកំពែង ស្រាប់តែមានស្ត្រីម្នាក់ស្រែកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! សូមជួយខ្ញុំម្ចាស់ផង!»។
27 ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើព្រះអម្ចាស់មិនជួយនាងទេនោះ ធ្វើម្ដេចឲ្យយើងជួយនាងបាន? ស្រូវ យើងក៏គ្មាន ស្រាទំពាំងបាយជូរ ក៏គ្មានដែរ»។
28 ស្ដេចមានរាជឱង្ការទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងទូលថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំម្ចាស់ថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។
29 យើងទាំងពីរក៏យកកូនរបស់ខ្ញុំម្ចាស់ទៅស្ងោរបរិភោគ។ លុះស្អែកឡើង ខ្ញុំម្ចាស់ប្រាប់នាងនោះថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគ” ប៉ុន្តែ នាងនោះបានយកកូនរបស់ខ្លួនទៅលាក់»។