4 លោកធ្វើដំណើរទៅជាមួយពួកគេ។ លុះទៅដល់ទន្លេយ័រដាន់ ពួកគេនាំគ្នាកាប់ដើមឈើ។
5 ពេលនោះ មានម្នាក់ក្នុងចំណោមពួកគេបានកាប់ដើមឈើ ហើយផ្លែពូថៅរបស់គាត់របូតធ្លាក់ទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «វីវរហើយលោកម្ចាស់! ពូថៅនេះខ្ញុំខ្ចីគេផង!»។
6 អ្នកជំនិតរបស់ព្រះជាម្ចាស់សួរថា៖ «តើផ្លែពូថៅនោះធ្លាក់នៅកន្លែងណា?»។ គាត់ចង្អុលបង្ហាញកន្លែងដែលផ្លែពូថៅធ្លាក់។ លោកអេលីសេកាត់ឈើមួយកង់បោះទៅក្នុងទឹក ផ្លែពូថៅក៏ផុសពីទឹកអណ្ដែតឡើង។
7 លោកបង្គាប់ថា៖ «ចូរស្រង់មក!»។ បុរសនោះលូកដៃទៅចាប់ផ្លែពូថៅស្រង់ឡើង។
8 ក្នុងពេលស្ដេចស្រុកស៊ីរីកំពុងតែធ្វើសង្គ្រាមជាមួយជនជាតិអ៊ីស្រាអែល ទ្រង់កោះហៅពួកមេទ័ពមករួមប្រជុំពិភាក្សាគ្នា រួចមានរាជឱង្ការថា៖ «យើងនឹងបោះទ័ពនៅកន្លែងមួយនោះ»។
9 អ្នកជំនិតរបស់ព្រះជាម្ចាស់ ចាត់គេឲ្យទៅទូលស្ដេចស្រុកអ៊ីស្រាអែលថា៖ «សូមព្រះករុណាប្រុងប្រយ័ត្ន កុំយាងកាត់តាមកន្លែងមួយនោះឲ្យសោះ ដ្បិតកងទ័ពស៊ីរីចុះមកតាមនោះហើយ!»។
10 ស្ដេចស្រុកអ៊ីស្រាអែលចាត់មនុស្សឲ្យទៅស៊ើបការណ៍ នៅកន្លែង ដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ប្រាប់។ ហេតុការណ៍កើតមានជាច្រើនលើកច្រើនសា ដូចពាក្យលោកអេលីសេទូលស្ដេចឲ្យប្រុងប្រយ័ត្នជាមុន។