1 លោកអេលីសេមានប្រសាសន៍ថា៖ «ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។
2 អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា៖ «ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្ដី ក៏ហេតុការណ៍នោះមិនអាចកើតមានដែរ?»។ លោកអេលីសេមានប្រសាសន៍ថា៖ «ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ»។
3 នៅមាត់ទ្វារក្រុង មានមនុស្សឃ្លង់បួននាក់ជជែកគ្នាថា៖ «ហេតុដូចម្ដេចបានជាយើងនាំគ្នាអង្គុយរង់ចាំសេចក្ដីស្លាប់នៅទីនេះ?
4 ប្រសិនបើយើងសម្រេចគ្នាថាចូលទៅក្នុងក្រុង យើងមុខជាអត់បាយស្លាប់ ព្រោះនៅក្នុងក្រុង គ្មានអ្វីបរិភោគឡើយ។ ប្រសិនបើយើងនៅទីនេះ យើងក៏ស្លាប់ដែរ។ ដូច្នេះ យើងគួរនាំគ្នារត់ទៅចុះចូលនឹងកងទ័ពស៊ីរីទៅ ក្រែងលោគេទុកជីវិតឲ្យយើង ហើយយើងនឹងបានរស់រានមានជីវិត! ប្រសិនបើពួកគេសម្លាប់ យើងក៏ស្លាប់ដូចតែគ្នា!»។