13 មានមន្ត្រីម្នាក់ទូលស្ដេចថា៖ «សូមឲ្យគេយកសេះប្រាំក្បាល ដែលនៅសល់ក្នុងទីក្រុងមក ហើយចាត់អ្នកខ្លះឲ្យទៅជាមួយសេះទាំងនោះ ដើម្បីពិនិត្យមើលហេតុការណ៍។ ទោះបីយ៉ាងណាក្ដី ក៏សេះទាំងនេះមុខជាងាប់ ដូចប្រជាជនអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅក្នុងក្រុងដែរ»។
14 គេយករទេះចំបាំងពីរគ្រឿងទឹមដោយសេះ មកថ្វាយស្ដេច ហើយស្ដេចក៏ចាត់មនុស្សចេញទៅតាមកងទ័ពស៊ីរី ដោយមានរាជឱង្ការថា៖ «ចូរចេញទៅពិនិត្យមើលហេតុការណ៍នោះចុះ!»។
15 ពួកគេចេញទៅតាមកងទ័ពស៊ីរីរហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និងរបស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាត់រប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្ដេចចាត់ឲ្យទៅ ក៏វិលមកវិញរាយការណ៍ថ្វាយស្ដេច។
16 ពេលនោះ ប្រជាជននាំគ្នាចេញពីទីក្រុង ទៅដណ្ដើមយករបស់របរនៅក្នុងទីតាំងទ័ពស៊ីរី។ ដូច្នេះ អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។
17 ស្ដេចបញ្ជាអង្គរក្សឲ្យចេញទៅត្រួតពិនិត្យមើលខុសត្រូវ នៅមាត់ទ្វារក្រុង ប៉ុន្តែ មហាជនបានជាន់គាត់ស្លាប់នៅទីនោះ ស្របតាមពាក្យដែលអ្នកជំនិតរបស់ព្រះជាម្ចាស់ថ្លែង នៅពេលស្ដេចទៅជួបលោក។
18 ហេតុការណ៍នេះកើតមាន ដូចអ្នកជំនិតរបស់ព្រះជាម្ចាស់បានទូលស្ដេចថា “ស្អែក ពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ”។
19 ពេលនោះ អង្គរក្សរបស់ស្ដេចឆ្លើយទៅអ្នកជំនិតរបស់ព្រះជាម្ចាស់វិញថា “ទោះបីព្រះអម្ចាស់បើកទ្វារមេឃក្ដី ក៏ហេតុការណ៍បែបនេះមិនកើតមានដែរ!”។ លោកអេលីសេមានប្រសាសន៍ថា “ចាំមើលចុះ លោកមុខជាឃើញផ្ទាល់នឹងភ្នែក តែលោកពុំបានបរិភោគទេ”។