២ ពង្សា‌វតារ‌ក្សត្រ 7:3-9 KHSV

3 នៅ​មាត់​ទ្វារ​ក្រុង មាន​មនុស្ស​ឃ្លង់​បួន​នាក់​ជជែក​គ្នា​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​យើង​នាំ​គ្នា​អង្គុយ​រង់‌ចាំ​សេចក្ដី​ស្លាប់​នៅ​ទី​នេះ?

4 ប្រសិន​បើ​យើង​សម្រេច​គ្នា​ថា​ចូល​ទៅ​ក្នុង​ក្រុង យើង​មុខ​ជា​អត់​បាយ​ស្លាប់ ព្រោះ​នៅ​ក្នុង​ក្រុង គ្មាន​អ្វី​បរិភោគ​ឡើយ។ ប្រសិន​បើ​យើង​នៅ​ទី​នេះ យើង​ក៏​ស្លាប់​ដែរ។ ដូច្នេះ យើង​គួរ​នាំ​គ្នា​រត់​ទៅ​ចុះ​ចូល​នឹង​កង‌ទ័ព​ស៊ីរី​ទៅ ក្រែង‌លោ​គេ​ទុក​ជីវិត​ឲ្យ​យើង ហើយ​យើង​នឹង​បាន​រស់​រាន​មាន​ជីវិត! ប្រសិន​បើ​ពួក​គេ​សម្លាប់ យើង​ក៏​ស្លាប់​ដូច​តែ​គ្នា!»។

5 នៅ​ពេល​ថ្ងៃ​លិច ពួក​គេ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ឆ្ពោះ​ទៅ​ទី​តាំង​ទ័ព​ស៊ីរី។ កាល​មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​ទៅ​ជិត​ដល់​ទី​តាំង​ទ័ព ពួក​គេ​ពុំ​ប្រទះ​ឃើញ​មាន​នរណា​ម្នាក់​សោះ។

6 ពី​មុន​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​កង‌ពល​ស៊ីរី​នៅ​ក្នុង​ទី​តាំង​ទ័ព ឮ​ស្នូរ​សន្ធឹក​រទេះ​ចំបាំង និង​ទ័ព​សេះ ព្រម​ទាំង​កង‌ទ័ព​មួយ​យ៉ាង​ធំ។ ពួក​គេ​និយាយ​គ្នា​ថា៖ «ពិត​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ទៅ​ពឹង​ទ័ព​របស់​ស្ដេច​ជន‌ជាតិ​ហេត និង​ទ័ព​របស់​ស្ដេច​ស្រុក​អេស៊ីប ឲ្យ​មក​ច្បាំង​នឹង​យើង​ហើយ!»។

7 នៅ​ពេល​ថ្ងៃ​លិច កង‌ទ័ព​ស៊ីរី​នាំ​គ្នា​ក្រោក​ឡើង រត់​ប្រាស​អាយុ ដោយ​បោះ​បង់​ចោល​តង់ត៍ ព្រម​ទាំង​សេះ និង​លា​ផង។ ពួក​គេ​ទុក​អ្វីៗ​ទាំង​អស់​ចោល​នៅ​ក្នុង​ជំរំ ហើយ​រត់​យក​តែ​រួច​ខ្លួន​ប៉ុណ្ណោះ។

8 ក្រោយ​ពី​ដើរ​មើល​ជុំ‌វិញ​កន្លែង​បោះ​ទ័ព​រួច​ហើយ មនុស្ស​ឃ្លង់​ទាំង​នោះ​ក៏​ចូល​ទៅ​ក្នុង​តង់ត៍​មួយ នាំ​គ្នា​ស៊ី​ផឹក រួច​ជញ្ជូន​យក​មាស​ប្រាក់ និង​សម្លៀក‌បំពាក់​ទៅ​លាក់​ទុក។ លុះ​ត្រឡប់​មក​វិញ ពួក​គេ​ចូល​ទៅ​ក្នុង​តង់ត៍​មួយ​ទៀត ប្រមូល​របស់​របរ ដែល​មាន​នៅ​ទី​នោះ​យក​ទៅ​លាក់​ទៀត។

9 មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ ពួក​យើង​ដឹង​ដំណឹង‌ល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់‌ចាំ​រហូត​ដល់​ភ្លឺ ព្រះ‌ជាម្ចាស់​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹង‌ល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។