២ ពង្សា‌វតារ‌ក្សត្រ 7:9-15 KHSV

9 មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​និយាយ​គ្នា​ថា៖ «ពួក​យើង​ធ្វើ​ដូច្នេះ​មិន​សម​ទេ ដ្បិត​ថ្ងៃ​នេះ ពួក​យើង​ដឹង​ដំណឹង‌ល្អ ប្រសិន​បើ​យើង​នៅ​ស្ងៀម​រង់‌ចាំ​រហូត​ដល់​ភ្លឺ ព្រះ‌ជាម្ចាស់​ពិត​ជា​ដាក់​ទោស​យើង​មិន​ខាន។ ដូច្នេះ ចូរ​យើង​នាំ​ដំណឹង‌ល្អ​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង»។

10 មនុស្ស​ឃ្លង់​ទាំង​បួន​នាក់​នាំ​គ្នា​ទៅ​ហៅ​អ្នក​យាម​ទ្វារ​ក្រុង ហើយ​ប្រាប់​ថា៖ «ពួក​យើង​បាន​ចូល​ទៅ​ក្នុង​ទី​តាំង​ទ័ព​របស់​ពួក​ស៊ីរី តែ​ពុំ​ប្រទះ​ឃើញ​នរណា​ម្នាក់ ឬ​ក៏​ឮ​សូរ​សំឡេង​មនុស្ស​ណា​សោះ​ឡើយ។ ពួក​យើង​ឃើញ​មាន​តែ​សេះ លា ដែល​គេ​ចង​ទុក និង​តង់ត៍​ដែល​គេ​បោះ​បង់​ចោល​ប៉ុណ្ណោះ»។

11 អ្នក​យាម​ទ្វារ​ស្រែក​ប្រាប់​អ្នក​នៅ​ខាង​ក្នុង ឲ្យ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​អ្នក​នៅ​ក្នុង​វាំង។

12 ស្ដេច​តើន​ឡើង​ទាំង​យប់ រួច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «សូម​អស់​លោក​ជ្រាប​ថា នេះ​ជា​ឧបាយ‌កល​របស់​ពួក​ស៊ីរី​ប្រឆាំង​នឹង​យើង។ ពួក​គេ​ដឹង​ថា យើង​ទាំង​អស់​គ្នា​កំពុង​តែ​អត់​ឃ្លាន ដូច្នេះ ពួក​គេ​ចេញ​ពី​ទី​តាំង​ទ័ព​ទៅ​លាក់​ខ្លួន​នៅ​ឯ​វាល ដោយ​នឹក​គិត​ថា កាល​ណា​ពួក​យើង​ចេញ​ពី​ទីក្រុង នោះ​ពួក​គេ​នឹង​ចាប់​ពួក​យើង​ទាំង​រស់ រួច​ចូល​មក​ក្នុង​ក្រុង»។

13 មាន​មន្ត្រី​ម្នាក់​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​គេ​យក​សេះ​ប្រាំ​ក្បាល ដែល​នៅ​សល់​ក្នុង​ទីក្រុង​មក ហើយ​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​ជា​មួយ​សេះ​ទាំង​នោះ ដើម្បី​ពិនិត្យ​មើល​ហេតុ‌ការណ៍។ ទោះ​បី​យ៉ាង​ណា​ក្ដី ក៏​សេះ​ទាំង​នេះ​មុខ​ជា​ងាប់ ដូច​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ក្រុង​ដែរ»។

14 គេ​យក​រទេះ​ចំបាំង​ពីរ​គ្រឿង​ទឹម​ដោយ​សេះ មក​ថ្វាយ​ស្ដេច ហើយ​ស្ដេច​ក៏​ចាត់​មនុស្ស​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី ដោយ​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ហេតុ‌ការណ៍​នោះ​ចុះ!»។

15 ពួក​គេ​ចេញ​ទៅ​តាម​កង‌ទ័ព​ស៊ីរី​រហូត​ដល់​ទន្លេ​យ័រដាន់ ហើយ​នៅ​តាម​ផ្លូវ​ឃើញ​មាន​សុទ្ធ​តែ​ខោ‌អាវ និង​របស់​របរ​ដែល​កង‌ទ័ព​ស៊ីរី​ដោះ​បោះ​ចោល​រប៉ាត់‌រប៉ាយ ព្រោះ​ប្រញាប់​រត់​យក​រួច​ជីវិត។ អ្នក​ដែល​ស្ដេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​វិញ​រាយ‌ការណ៍​ថ្វាយ​ស្ដេច។