15 ស្អែកឡើង លោកហាសែលយកភួយជ្រលក់ទឹក រួចយកទៅខ្ទប់ព្រះភ័ក្ត្រស្ដេច។ ស្ដេចសោយទិវង្គត ហើយលោកហាសែលក៏ឡើងសោយរាជ្យជំនួសវិញ។
16 នៅឆ្នាំទីប្រាំនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទយ៉ូសាផាត បានឡើងសោយរាជ្យនៅស្រុកយូដា
17 ក្នុងព្រះជន្មាយុសាមសិបពីរវស្សា ទ្រង់សោយរាជ្យបានប្រាំបីឆ្នាំ នៅក្រុងយេរូសាឡឹម។
18 ព្រះបាទយ៉ូរ៉ាមដើរតាមមាគ៌ារបស់ស្ដេចទាំងឡាយនៅស្រុកអ៊ីស្រាអែល និងប្រព្រឹត្តដូចរាជវង្សរបស់ព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយបុត្រីរបស់ព្រះបាទអហាប់ ហើយទ្រង់ប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់។
19 ប៉ុន្តែ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យលុបបំបាត់រាជាណាចក្រយូដាទេ ព្រោះព្រះអង្គបានសន្យានឹងព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គថា ព្រះអង្គប្រោសប្រទានឲ្យពូជពង្សរបស់ព្រះបាទដាវីឌ ឡើងសោយរាជ្យរហូតតទៅ។
20 ក្នុងរជ្ជកាលព្រះបាទយ៉ូរ៉ាម ជនជាតិអេដុមបានបះបោរប្រឆាំងនឹងការត្រួតត្រារបស់ជនជាតិយូដា ហើយនាំគ្នាតែងតាំងស្ដេចមួយអង្គឲ្យឡើងគ្រងរាជ្យលើពួកគេ។
21 ពេលនោះ ព្រះបាទយ៉ូរ៉ាមយាងចេញទៅក្រុងសាអ៊ារ ដោយនាំរទេះចំបាំងទាំងអស់ទៅជាមួយផង។ កងទ័ពអេដុមបានឡោមព័ទ្ធស្ដេច និងពួកមេបញ្ជាការកងរទេះចំបាំង។ ស្ដេចក៏តើនឡើងនៅពេលយប់ ហើយវាយបើកផ្លូវ រីឯពលទាហានយូដាបាក់ទ័ព រត់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។