២ ពង្សា‌វតារ‌ក្សត្រ 8:20-26 KHSV

20 ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជន‌ជាតិ​អេដុម​បាន​បះ‌បោរ​ប្រឆាំង​នឹង​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា ហើយ​នាំ​គ្នា​តែង‌តាំង​ស្ដេច​មួយ​អង្គ​ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ពួក​គេ។

21 ពេល​នោះ ព្រះ‌បាទ​យ៉ូរ៉ាម​យាង​ចេញ​ទៅ​ក្រុង​សាអ៊ារ ដោយ​នាំ​រទេះ​ចំបាំង​ទាំង​អស់​ទៅ​ជា​មួយ​ផង។ កង‌ទ័ព​អេដុម​បាន​ឡោម‌ព័ទ្ធ​ស្ដេច និង​ពួក​មេ​បញ្ជា​ការ​កង​រទេះ​ចំបាំង។ ស្ដេច​ក៏​តើន​ឡើង​នៅ​ពេល​យប់ ហើយ​វាយ​បើក​ផ្លូវ រីឯ​ពល​ទាហាន​យូដា​បាក់​ទ័ព រត់​ទៅ​កាន់​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ។

22 តាំង​ពី​ពេល​នោះ​មក ជន‌ជាតិ​អេដុម​បាន​រំដោះ​ខ្លួន​ពី​ការ​ត្រួត‌ត្រា​របស់​ជន‌ជាតិ​យូដា រហូត​មក​ដល់​សព្វ​ថ្ងៃ។ នៅ​គ្រា​នោះ ក្រុង​លីប‌ណា​ក៏​បះ‌បោរ​ដែរ។

23 រាជ​កិច្ច​ផ្សេងៗ​ទៀត​របស់​ព្រះ‌បាទ​យ៉ូរ៉ាម និង​អ្វីៗ​ទាំង​អស់​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្ដេច​ស្រុក​យូដា។

24 លុះ​ព្រះ‌បាទ​យ៉ូរ៉ាម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

25 នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់ និង​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូរ៉ាម ឡើង​សោយ​រាជ្យ​លើ​ស្រុក​យូដា

26 ក្នុង​ព្រះ‌ជន្មាយុ​ម្ភៃ​ពីរ​វស្សា ទ្រង់​សោយ​រាជ្យ​បាន​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា អថា‌លា ជា​ចៅ​របស់​ព្រះ‌បាទ​អូមរី ស្ដេច​ស្រុក​អ៊ីស្រា‌អែល។