24 លុះព្រះបាទយ៉ូរ៉ាមសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ហើយព្រះបាទអហាស៊ីយ៉ា ជាបុត្រ បានឡើងស្នងរាជ្យ។
25 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់ និងជាស្ដេចស្រុកអ៊ីស្រាអែល ព្រះបាទអហាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា
26 ក្នុងព្រះជន្មាយុម្ភៃពីរវស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតារបស់ស្ដេចមាននាមថា អថាលា ជាចៅរបស់ព្រះបាទអូមរី ស្ដេចស្រុកអ៊ីស្រាអែល។
27 ព្រះបាទអហាស៊ីយ៉ាដើរតាមមាគ៌ារបស់រាជវង្សព្រះបាទអហាប់ ហើយប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ដូចរាជវង្សព្រះបាទអហាប់ដែរ ព្រោះទ្រង់បានរៀបអភិសេកជាមួយញាតិវង្សរបស់ព្រះបាទអហាប់។
28 ព្រះបាទអហាស៊ីយ៉ាយាងចេញទៅច្បាំងនឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានព្រះបាទយ៉ូរ៉ាម ជាស្ដេចស្រុកអ៊ីស្រាអែលយាងទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយព្រះបាទយ៉ូរ៉ាមឲ្យរបួស។
29 ព្រះបាទយ៉ូរ៉ាមត្រឡប់មកក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយនៅភូមិរ៉ាម៉ា ក្នុងពេលស្ដេចប្រយុទ្ធជាមួយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។ ពេលនោះ ព្រះបាទអហាស៊ីយ៉ា ជាបុត្រព្រះបាទយ៉ូរ៉ាម ស្ដេចស្រុកយូដា យាងចុះទៅក្រុងយេសរាល សួរសុខទុក្ខព្រះបាទយ៉ូរ៉ាម ជាបុត្រព្រះបាទអហាប់ ដែលកំពុងតែប្រឈួនយ៉ាងខ្លាំង។