4 ពេលនោះ ស្ដេចកំពុងសំណេះសំណាលជាមួយកេហាស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់ ទ្រង់មានរាជឱង្ការថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលលោកអេលីសេបានធ្វើ!»។
5 នៅពេលកេហាស៊ីរៀបរាប់ថ្វាយស្ដេច អំពីលោកអេលីសេធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្ដាយក៏ចូលមកគាល់ស្ដេច ដើម្បីទាមទារទូលសូមផ្ទះសម្បែង និងដីធ្លីរបស់នាង។ កេហាស៊ីទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ នេះហើយស្ត្រីដែលជាម្ដាយ ព្រមទាំងកូនរបស់នាង ដែលលោកអេលីសេបានធ្វើឲ្យមានជីវិតរស់ឡើងវិញ!»។
6 ស្ដេចមានរាជឱង្ការសួរនាង ហើយនាងក៏រៀបរាប់ទូលស្ដេចតាមដំណើររឿង។ ពេលនោះ ស្ដេចបញ្ជាទៅមន្ត្រីម្នាក់ថា៖ «ចូរប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់នាងឲ្យនាងវិញ ព្រមទាំងប្រគល់ភោគផលពីស្រែចម្ការរបស់នាង តាំងពីពេលនាងចាកចេញពីស្រុក រហូតមកដល់ពេលនេះផង»។
7 លោកអេលីសេធ្វើដំណើរទៅក្រុងដាម៉ាស។ ពេលនោះ ព្រះបាទបេនហាដាដជាស្ដេចស្រុកស៊ីរី កំពុងតែប្រឈួន។ គេទូលស្ដេចថា៖ «អ្នកជំនិតរបស់ព្រះជាម្ចាស់ អញ្ជើញមកដល់ហើយ»។
8 ស្ដេចមានរាជឱង្ការទៅកាន់លោកហាសែលថា៖ «ចូរនាំយកជំនូនទៅជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ រួចទូលសួរព្រះអម្ចាស់តាមរយៈលោកថា តើយើងនឹងបានជាសះស្បើយពីជំងឺនេះឬទេ?»។
9 លោកហាសែលក៏ទៅជួបលោកអេលីសេ ដោយនាំយកជំនូនដ៏ល្អៗបំផុតដែលមាននៅក្រុងដាម៉ាស ផ្ទុកលើអូដ្ឋសែសិបក្បាល ដឹកទៅជូន។ ពេលទៅដល់ លោកហាសែលចូលជួបលោកអេលីសេ ជម្រាបថា៖ «ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ជាកូនរបស់លោក ចាត់ខ្ញុំប្របាទឲ្យមកជម្រាបសួរលោកថា តើស្ដេចនឹងជាសះស្បើយពីជំងឺឬទេ?»។
10 លោកអេលីសេឆ្លើយថា៖ «ចូរទៅទូលព្រះករុណាវិញថា ស្ដេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ ព្រះអម្ចាស់សម្តែងឲ្យខ្ញុំដឹងថា ព្រះករុណាមុខជាសោយទិវង្គតជាក់ជាមិនខាន»។