10 ឆ្កែនឹងហែកសាច់យេសិបិលស៊ី នៅក្នុងចម្ការយេសិបិល ហើយគ្មាននរណាកប់សពនាងទេ”»។ យុវបុរសជាព្យាការីក៏បើកទ្វារ ហើយរត់ចេញទៅ។
11 ពេលលោកយេហ៊ូវចេញមកជួបពួកមេទ័ពរបស់ស្ដេចវិញ គេសួរលោកថា៖ «តើមានការអ្វី? ហេតុដូចម្ដេចបានជាមនុស្សចំកួតនេះមករកលោក?»។ លោកយេហ៊ូវឆ្លើយថា៖ «អស់លោកធ្លាប់ដឹងថាព្យាការីចំពូកនេះតែងតែថ្លែងពីរឿងអ្វីស្រាប់ហើយ»។
12 ពួកមេទ័ពតបថា៖ «លោកនិយាយមិនពិតទេ! សូមប្រាប់ពួកយើងឲ្យត្រង់មក!»។ លោកឆ្លើយថា៖ «ព្យាការីនោះប្រាប់ខ្ញុំថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល”»។
13 ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្ដើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ព្រះបាទយេហ៊ូវ!»។
14 លោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងព្រះបាទយ៉ូរ៉ាម។ គ្រានោះ ព្រះបាទយ៉ូរ៉ាម និងកងទ័ពអ៊ីស្រាអែលទាំងមូល កំពុងតែការពារក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ តទល់នឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។
15 ប៉ុន្តែ ព្រះបាទយ៉ូរ៉ាមបានត្រឡប់ទៅកាន់ក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅពេលប្រយុទ្ធជាមួយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។លោកយេហ៊ូវមានប្រសាសន៍ថា៖ «ប្រសិនបើអស់លោកគាំទ្រខ្ញុំមែន! សូមប្រយ័ត្ន កុំឲ្យនរណាម្នាក់ចេញពីទីក្រុង នាំដំណឹងទៅប្រាប់អ្នកក្រុងយេសរាលឡើយ!»។
16 លោកយេហ៊ូវឡើងជិះរទេះ ចេញដំណើរទៅកាន់ក្រុងយេសរាល។ ពេលនោះ ព្រះបាទយ៉ូរ៉ាមកំពុងសម្រាកព្យាបាលរបួស ហើយព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ក៏យាងមកសួរសុខទុក្ខព្រះបាទយ៉ូរ៉ាមដែរ។