២ ពង្សា‌វតារ‌ក្សត្រ 9:17-23 KHSV

17 រីឯ​អ្នក​យាម​ដែល​ស្ថិត​នៅ​លើ​ប៉ម​កំពែង​ក្រុង​យេសរាល ឃើញ​ពល​ទាហាន​កំពុង​ធ្វើ​ដំណើរ​សំដៅ​មក​ជា​មួយ​លោក​យេហ៊ូវ គាត់​ស្រែក​ឡើង​ថា៖ «មាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​ចូល​មក!»។ ព្រះ‌បាទ​យ៉ូរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ចាត់​ពល​ទាហាន​ម្នាក់​ឲ្យ​ជិះ​សេះ​ទៅ​ជួប​ពួក​គេ សួរ​ថា៖ តើ​អ្នក​រាល់​គ្នា​មក​ដោយ​សន្តិ‌ភាព​ឬ?»។

18 អ្នក​ដែល​ជិះ​សេះ​ទៅ​នោះ​បាន​ជួប​លោក​យេហ៊ូវ ពោល​ថា៖ «ព្រះ‌ករុណា​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់‌ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។ អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​គេ​នោះ បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ»។

19 ព្រះ‌បាទ​យ៉ូរ៉ាម​ចាត់​ពល​ទាហាន​ម្នាក់​ទៀត​ឲ្យ​ជិះ​សេះ​ទៅ។ ពេល​ទៅ​ដល់ អ្នក​នោះ​ពោល​ថា៖ «ព្រះ‌ករុណា​ឲ្យ​សួរ​ថា តើ​លោក​មក​ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «សន្តិ‌ភាព ឬ​មិន​សន្តិ‌ភាព គ្មាន​អ្វី​ពាក់‌ព័ន្ធ​ដល់​អ្នក​ទេ! ចូរ​បក​ក្រោយ ហើយ​មក​តាម​ខ្ញុំ»។

20 អ្នក​យាម​រាយ‌ការណ៍​ថា៖ «អ្នក​នោះ​បាន​ទៅ​ដល់​ហើយ តែ​មិន​ត្រឡប់​មក​វិញ​ទេ។ រីឯ​អ្នក​ដែល​បរ​រទេះ​នោះ​មើល​ទៅ​ដូច​លោក​យេហ៊ូវ ជា​ចៅ​របស់​លោក​នឹម​ស៊ី ព្រោះ​លោក​បរ​រទេះ​លឿន ដូច​មនុស្ស​កំរោល​ចូល»។

21 ព្រះ‌បាទ​យ៉ូរ៉ាម​បញ្ជា​ឲ្យ​គេ​ទឹម​រាជ‌រថ ហើយ​ឡើង​គង់​លើ​រាជ‌រថ​នោះ។ រីឯ​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ក៏​ឡើង​គង់​លើ​រាជ‌រថ​របស់​ស្ដេច​ដែរ។ ព្រះ‌រាជា​ទាំង​ពីរ​អង្គ​យាង​ចេញ​ទៅ​រក​លោក​យេហ៊ូវ ហើយ​ជួប​គ្នា​នៅ​ត្រង់​ចម្ការ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល។

22 កាល​ព្រះ‌បាទ​យ៉ូរ៉ាម​ទត​ឃើញ​លោក​យេហ៊ូវ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «តើ​លោក​មក ដោយ​សន្តិ‌ភាព​ឬ?»។ លោក​យេហ៊ូវ​ឆ្លើយ​ថា៖ «គ្មាន​សន្តិ‌ភាព​ទេ ដរាប​ព្រះ‌ករុណា​នៅ​តែ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ និង​អំពើ​អាប‌ធ្មប់​យ៉ាង​ច្រើន ដូច​ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​មាតា!»។

23 ព្រះ‌បាទ​យ៉ូរ៉ាម​ទាញ​បង្ហៀរ​សេះ​ឲ្យ​បក​ក្រោយ រួច​បំបោល​ចេញ​ទៅ ទាំង​មាន​រាជ‌ឱង្ការ​ប្រាប់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ថា៖ «ព្រះ‌ករុណា​អើយ! នេះ​ជា​ការ​ក្បត់​ទេ!»។