19 ព្រះបាទយ៉ូរ៉ាមចាត់ពលទាហានម្នាក់ទៀតឲ្យជិះសេះទៅ។ ពេលទៅដល់ អ្នកនោះពោលថា៖ «ព្រះករុណាឲ្យសួរថា តើលោកមកដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «សន្តិភាព ឬមិនសន្តិភាព គ្មានអ្វីពាក់ព័ន្ធដល់អ្នកទេ! ចូរបកក្រោយ ហើយមកតាមខ្ញុំ»។
20 អ្នកយាមរាយការណ៍ថា៖ «អ្នកនោះបានទៅដល់ហើយ តែមិនត្រឡប់មកវិញទេ។ រីឯអ្នកដែលបររទេះនោះមើលទៅដូចលោកយេហ៊ូវ ជាចៅរបស់លោកនឹមស៊ី ព្រោះលោកបររទេះលឿន ដូចមនុស្សកំរោលចូល»។
21 ព្រះបាទយ៉ូរ៉ាមបញ្ជាឲ្យគេទឹមរាជរថ ហើយឡើងគង់លើរាជរថនោះ។ រីឯព្រះបាទអហាស៊ីយ៉ាក៏ឡើងគង់លើរាជរថរបស់ស្ដេចដែរ។ ព្រះរាជាទាំងពីរអង្គយាងចេញទៅរកលោកយេហ៊ូវ ហើយជួបគ្នានៅត្រង់ចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាល។
22 កាលព្រះបាទយ៉ូរ៉ាមទតឃើញលោកយេហ៊ូវ ទ្រង់មានរាជឱង្ការថា៖ «តើលោកមក ដោយសន្តិភាពឬ?»។ លោកយេហ៊ូវឆ្លើយថា៖ «គ្មានសន្តិភាពទេ ដរាបព្រះករុណានៅតែប្រព្រឹត្តអំពើពេស្យាចារ និងអំពើអាបធ្មប់យ៉ាងច្រើន ដូចម្ចាស់ក្សត្រីយេសិបិលជាមាតា!»។
23 ព្រះបាទយ៉ូរ៉ាមទាញបង្ហៀរសេះឲ្យបកក្រោយ រួចបំបោលចេញទៅ ទាំងមានរាជឱង្ការប្រាប់ព្រះបាទអហាស៊ីយ៉ាថា៖ «ព្រះករុណាអើយ! នេះជាការក្បត់ទេ!»។
24 លោកយេហ៊ូវយឹតធ្នូបាញ់ចំខ្នងរបស់ព្រះបាទយ៉ូរ៉ាម។ ព្រួញចាក់ទម្លុះបេះដូងរបស់ស្ដេច រួចធ្លុះចេញមកក្រៅ ហើយស្ដេចដួលក្នុងរាជរថ។
25 លោកយេហ៊ូវប្រាប់លោកប៊ីឌការ ជាអ្នកជំនួយការរបស់លោកថា៖ «ចូរលើកសពនេះបោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្ដេចអហាប់ ជាបិតារបស់ស្ដេចយ៉ូរ៉ាម ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្ដេចថា