25 លោកយេហ៊ូវប្រាប់លោកប៊ីឌការ ជាអ្នកជំនួយការរបស់លោកថា៖ «ចូរលើកសពនេះបោះទៅក្នុងចម្ការរបស់លោកណាបោត ជាអ្នកស្រុកយេសរាលទៅ! តើលោកនឹកចាំទេ កាលលោក និងខ្ញុំជិះក្នុងរទេះជាមួយគ្នា ដង្ហែស្ដេចអហាប់ ជាបិតារបស់ស្ដេចយ៉ូរ៉ាម ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ស្ដេចថា
26 “ម្សិលមិញ យើងបានឃើញឈាមរបស់ណាបោត និងឈាមកូនប្រុសៗរបស់គាត់។ ដូច្នេះ យើងនឹងធ្វើឲ្យឈាមរបស់អ្នកហូរនៅក្នុងចម្ការនេះដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!”។ ឥឡូវនេះ ចូរលើកសពរបស់ស្ដេចយ៉ូរ៉ាមបោះទៅក្នុងចម្ការ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់»។
27 កាលព្រះបាទអហាស៊ីយ៉ា ជាស្ដេចស្រុកយូដា ឃើញដូច្នេះ ស្ដេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្ដេចនេះទៅ!» គេក៏ប្រហារស្ដេចនៅក្នុងរទេះ។ ពេលនោះ ស្ដេចកំពុងឡើងតាមផ្លូវទៅភូមិគើរ ជិតក្រុងយីបឡាម។ ស្ដេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយសុគតនៅទីនោះ។
28 ពួកមន្ត្រីរបស់ព្រះបាទអហាស៊ីយ៉ានាំសពដាក់ក្នុងរទេះមកក្រុងយេរូសាឡឹម រួចបញ្ចុះក្នុងផ្នូររបស់រាជវង្សនៅបុរីព្រះបាទដាវីឌ។
29 ព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យលើស្រុកយូដា នៅឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់។
30 បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលព្រះនាងយេសិបិលដឹងដំណឹងនេះ ព្រះនាងផាត់រង្វង់ភ្នែក និងតុបតែងសក់ រួចទតមើលតាមបង្អួច។
31 ពេលលោកយេហ៊ូវកំពុងចូលតាមទ្វារក្រុង ព្រះនាងយេសិបិលពោលថា៖ «នែ៎ ស៊ីមរី ជាឃាតកម្ចាស់របស់ខ្លួនអើយ តើអ្នកមកដោយសន្តិភាពឬ?»។