២ ពង្សា‌វតារ‌ក្សត្រ 9:26-32 KHSV

26 “ម្សិល‌មិញ យើង​បាន​ឃើញ​ឈាម​របស់​ណា‌បោត និង​ឈាម​កូន​ប្រុសៗ​របស់​គាត់។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​អ្នក​ហូរ​នៅ​ក្នុង​ចម្ការ​នេះ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!”។ ឥឡូវ​នេះ ចូរ​លើក​សព​របស់​ស្ដេច​យ៉ូរ៉ាម​បោះ​ទៅ​ក្នុង​ចម្ការ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។

27 កាល​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា ឃើញ​ដូច្នេះ ស្ដេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្ដេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្ដេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្ដេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ ជិត​ក្រុង​យីប‌ឡាម។ ស្ដេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ។

28 ពួក​មន្ត្រី​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា​នាំ​សព​ដាក់​ក្នុង​រទេះ​មក​ក្រុង​យេរូ‌សាឡឹម រួច​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។

29 ព្រះ‌បាទ​អហា‌ស៊ីយ៉ា​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​យូដា នៅ​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូរ៉ាម ជា​បុត្រ​របស់​ព្រះ‌បាទ​អហាប់។

30 បន្ទាប់​មក លោក​យេហ៊ូវ​ចូល​មក​ដល់​ក្រុង​យេសរាល។ កាល​ព្រះ‌នាង​យេសិ‌បិល​ដឹង​ដំណឹង​នេះ ព្រះ‌នាង​ផាត់​រង្វង់​ភ្នែក និង​តុប‌តែង​សក់ រួច​ទត​មើល​តាម​បង្អួច។

31 ពេល​លោក​យេហ៊ូវ​កំពុង​ចូល​តាម​ទ្វារ​ក្រុង ព្រះ‌នាង​យេសិ‌បិល​ពោល​ថា៖ «នែ៎ ស៊ីមរី ជា​ឃាតក​ម្ចាស់​របស់​ខ្លួន​អើយ តើ​អ្នក​មក​ដោយ​សន្តិ‌ភាព​ឬ?»។

32 លោក​យេហ៊ូវ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហា‌តលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។