28 ពួកមន្ត្រីរបស់ព្រះបាទអហាស៊ីយ៉ានាំសពដាក់ក្នុងរទេះមកក្រុងយេរូសាឡឹម រួចបញ្ចុះក្នុងផ្នូររបស់រាជវង្សនៅបុរីព្រះបាទដាវីឌ។
29 ព្រះបាទអហាស៊ីយ៉ាឡើងសោយរាជ្យលើស្រុកយូដា នៅឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះបាទអហាប់។
30 បន្ទាប់មក លោកយេហ៊ូវចូលមកដល់ក្រុងយេសរាល។ កាលព្រះនាងយេសិបិលដឹងដំណឹងនេះ ព្រះនាងផាត់រង្វង់ភ្នែក និងតុបតែងសក់ រួចទតមើលតាមបង្អួច។
31 ពេលលោកយេហ៊ូវកំពុងចូលតាមទ្វារក្រុង ព្រះនាងយេសិបិលពោលថា៖ «នែ៎ ស៊ីមរី ជាឃាតកម្ចាស់របស់ខ្លួនអើយ តើអ្នកមកដោយសន្តិភាពឬ?»។
32 លោកយេហ៊ូវងើបមុខឡើងមើលទៅបង្អួច រួចពោលថា៖ «តើអ្នកណាស្ម័គ្រចិត្តចុះចូលមកខាងខ្ញុំ?»។ ពេលនោះ មានមហាតលិកពីរបីនាក់អើតមើលមកលោក។
33 លោកបញ្ជាថា៖ «ចូរបោះនាងចុះមក!»។ ពួកគេក៏បោះនាងចុះមក ឈាមរបស់នាងខ្ទាតប្រឡាក់ជញ្ជាំង និងសេះ ហើយលោកយេហ៊ូវបររទេះកិនសាកសពនោះ។
34 បន្ទាប់មក លោកយេហ៊ូវចូលទៅក្នុងវាំង រួចបរិភោគ លោកមានប្រសាសន៍ថា៖ «សូមអស់លោកយកសាកសពស្ត្រីដែលត្រូវបណ្ដាសានេះទៅកប់ផង ព្រោះគាត់ក៏ជាកូនស្ដេចដែរ»។