២ ពង្សា‌វតារ‌ក្សត្រ 9:4-10 KHSV

4 យុវ‌បុរស​ជា​ព្យាការី​នោះ​ក៏​ចេញ​ដំណើរ​ទៅ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ។

5 កាល​ទៅ​ដល់ គាត់​ឃើញ​ពួក​មេ‌ទ័ព​កំពុង​អង្គុយ​ជុំ​គ្នា។ គាត់​ពោល​ឡើង​ថា៖ «លោក​មេ‌ទ័ព ខ្ញុំ​ប្របាទ​មាន​កិច្ចការ​មួយ​ជម្រាប​លោក!»។ លោក​យេហ៊ូវ​សួរ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ចង់​ជួប​នរណា?»។ គាត់​ជម្រាប​ថា៖ «បាទ! គឺ​លោក​ហ្នឹង​ហើយ!»។

6 លោក​យេហ៊ូវ​ក្រោក​ឡើង ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ យុវ‌បុរស​នោះ​ក៏​យក​ប្រេង​ចាក់​បង្ហូរ​លើ​ក្បាល​លោក ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “យើង​ចាក់​ប្រេង​អភិ‌សេក​អ្នក​ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។

7 អ្នក​ត្រូវ​ប្រហារ​ពូជ‌ពង្ស​អហាប់​ជា​ម្ចាស់​របស់​អ្នក ហើយ​យើង​នឹង​សង​បំណុល​ឈាម​ឲ្យ​ពួក​ព្យាការី ជា​អ្នក​បម្រើ​របស់​យើង និង​សង​បំណុល​ឈាម​ពួក​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​យើង ដែល​យេសិ‌បិល​បាន​សម្លាប់។

8 ពូជ‌ពង្ស​អហាប់​ទាំង​មូល​នឹង​ត្រូវ​វិនាស ហើយ​យើង​នឹង​ប្រហារ​កូន​ប្រុសៗ​នៅ​ក្នុង​ក្រុម​គ្រួសារ​អហាប់ ទាំង​អ្នក​ជា ទាំង​អ្នក​ងារ ឲ្យ​អស់​ពី​ស្រុក​អ៊ីស្រា‌អែល។

9 យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​អហាប់ ដូច​យើង​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុម​គ្រួសារ​យេរ៉ូ‌បោម ជា​កូន​របស់​នេបាត និង​ក្រុម​គ្រួសារ​បាសា ជា​កូន​របស់​អហ៊ី‌យ៉ា។

10 ឆ្កែ​នឹង​ហែក​សាច់​យេសិ‌បិល​ស៊ី នៅ​ក្នុង​ចម្ការ​យេសិ‌បិល ហើយ​គ្មាន​នរណា​កប់​សព​នាង​ទេ”»។ យុវ‌បុរស​ជា​ព្យាការី​ក៏​បើក​ទ្វារ ហើយ​រត់​ចេញ​ទៅ។