7 អ្នកត្រូវប្រហារពូជពង្សអហាប់ជាម្ចាស់របស់អ្នក ហើយយើងនឹងសងបំណុលឈាមឲ្យពួកព្យាការី ជាអ្នកបម្រើរបស់យើង និងសងបំណុលឈាមពួកអ្នកបម្រើឯទៀតៗរបស់យើង ដែលយេសិបិលបានសម្លាប់។
8 ពូជពង្សអហាប់ទាំងមូលនឹងត្រូវវិនាស ហើយយើងនឹងប្រហារកូនប្រុសៗនៅក្នុងក្រុមគ្រួសារអហាប់ ទាំងអ្នកជា ទាំងអ្នកងារ ឲ្យអស់ពីស្រុកអ៊ីស្រាអែល។
9 យើងនឹងប្រព្រឹត្តចំពោះក្រុមគ្រួសារអហាប់ ដូចយើងបានប្រព្រឹត្តចំពោះក្រុមគ្រួសារយេរ៉ូបោម ជាកូនរបស់នេបាត និងក្រុមគ្រួសារបាសា ជាកូនរបស់អហ៊ីយ៉ា។
10 ឆ្កែនឹងហែកសាច់យេសិបិលស៊ី នៅក្នុងចម្ការយេសិបិល ហើយគ្មាននរណាកប់សពនាងទេ”»។ យុវបុរសជាព្យាការីក៏បើកទ្វារ ហើយរត់ចេញទៅ។
11 ពេលលោកយេហ៊ូវចេញមកជួបពួកមេទ័ពរបស់ស្ដេចវិញ គេសួរលោកថា៖ «តើមានការអ្វី? ហេតុដូចម្ដេចបានជាមនុស្សចំកួតនេះមករកលោក?»។ លោកយេហ៊ូវឆ្លើយថា៖ «អស់លោកធ្លាប់ដឹងថាព្យាការីចំពូកនេះតែងតែថ្លែងពីរឿងអ្វីស្រាប់ហើយ»។
12 ពួកមេទ័ពតបថា៖ «លោកនិយាយមិនពិតទេ! សូមប្រាប់ពួកយើងឲ្យត្រង់មក!»។ លោកឆ្លើយថា៖ «ព្យាការីនោះប្រាប់ខ្ញុំថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល”»។
13 ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្ដើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ព្រះបាទយេហ៊ូវ!»។