9 យើងនឹងប្រព្រឹត្តចំពោះក្រុមគ្រួសារអហាប់ ដូចយើងបានប្រព្រឹត្តចំពោះក្រុមគ្រួសារយេរ៉ូបោម ជាកូនរបស់នេបាត និងក្រុមគ្រួសារបាសា ជាកូនរបស់អហ៊ីយ៉ា។
10 ឆ្កែនឹងហែកសាច់យេសិបិលស៊ី នៅក្នុងចម្ការយេសិបិល ហើយគ្មាននរណាកប់សពនាងទេ”»។ យុវបុរសជាព្យាការីក៏បើកទ្វារ ហើយរត់ចេញទៅ។
11 ពេលលោកយេហ៊ូវចេញមកជួបពួកមេទ័ពរបស់ស្ដេចវិញ គេសួរលោកថា៖ «តើមានការអ្វី? ហេតុដូចម្ដេចបានជាមនុស្សចំកួតនេះមករកលោក?»។ លោកយេហ៊ូវឆ្លើយថា៖ «អស់លោកធ្លាប់ដឹងថាព្យាការីចំពូកនេះតែងតែថ្លែងពីរឿងអ្វីស្រាប់ហើយ»។
12 ពួកមេទ័ពតបថា៖ «លោកនិយាយមិនពិតទេ! សូមប្រាប់ពួកយើងឲ្យត្រង់មក!»។ លោកឆ្លើយថា៖ «ព្យាការីនោះប្រាប់ខ្ញុំថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិសេកអ្នកជាស្ដេចលើជនជាតិអ៊ីស្រាអែល”»។
13 ពួកមេទ័ពប្រញាប់ប្រញាល់ដោះអាវរៀងៗខ្លួន ក្រាលលើក្បាលជណ្ដើរ ជូនលោកយេហ៊ូវអង្គុយ រួចនាំគ្នាផ្លុំស្នែងឡើង ហើយស្រែកថា៖ «ជយោ! ព្រះបាទយេហ៊ូវ!»។
14 លោកយេហ៊ូវ ជាកូនរបស់លោកយេហូសាផាត និងជាចៅរបស់លោកនឹមស៊ី មានគំនិតក្បត់នឹងព្រះបាទយ៉ូរ៉ាម។ គ្រានោះ ព្រះបាទយ៉ូរ៉ាម និងកងទ័ពអ៊ីស្រាអែលទាំងមូល កំពុងតែការពារក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ តទល់នឹងព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។
15 ប៉ុន្តែ ព្រះបាទយ៉ូរ៉ាមបានត្រឡប់ទៅកាន់ក្រុងយេសរាលវិញ ដើម្បីព្យាបាលរបួសដែលកងទ័ពស៊ីរីបានវាយ នៅពេលប្រយុទ្ធជាមួយព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី។លោកយេហ៊ូវមានប្រសាសន៍ថា៖ «ប្រសិនបើអស់លោកគាំទ្រខ្ញុំមែន! សូមប្រយ័ត្ន កុំឲ្យនរណាម្នាក់ចេញពីទីក្រុង នាំដំណឹងទៅប្រាប់អ្នកក្រុងយេសរាលឡើយ!»។