២ របាក្សត្រ 14:3-9 KHSV

3 ស្ដេច​បាន​លុប​បំបាត់​អាសនៈ​របស់​សាសន៍​ដទៃ និង​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ។ ស្ដេច​បាន​វាយ​បំបាក់​រូប​ស្តូប និង​កាប់​រំលំ​បង្គោល​របស់​ព្រះ‌អាសេ‌រ៉ា។

4 ស្ដេច​បាន​ប្រាប់​ជន‌ជាតិ​យូដា​ឲ្យ​ស្វែង​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ខ្លួន ព្រម​ទាំង​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​ផង។

5 ស្ដេច​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ និង​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​នៅ​តាម​ក្រុង​ទាំង‌ឡាយ ក្នុង​ស្រុក​យូដា។ ក្នុង​រជ្ជ‌កាល​របស់​ព្រះ‌បាទ​អេ‌សា ស្រុក​ទេស​បាន​សុខ‌សាន្ត‌ត្រាណ។

6 ស្ដេច​បាន​សង់​ក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា ព្រោះ​ស្រុក​បាន​សាន្ត​ត្រាណ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ស្រុក​គ្មាន​សង្គ្រាម​ទេ ដ្បិត​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ស្ដេច​មាន​សុខ​សន្តិ‌ភាព។

7 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​យូដា​ថា៖ «ចូរ​នាំ​គ្នា​សង់​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំពែង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក ក្នុង​ពេល​ដែល​ស្រុក​នៅ​សុខ‌សាន្ត‌ត្រាណ។ យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ព្រោះ​តែ​យើង​ស្វែង​រក​ហើយ ទើប​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យើង​បាន​សុខ‌សាន្ត គ្រប់​ទិស‌ទី»។ ដូច្នេះ ពួក​គេ​សង់​ក្រុង​នានា​បាន​សម្រេច​ជា​ស្ថាពរ។

8 ព្រះ‌បាទ​អេ‌សា​មាន​ទ័ព​ចំនួន ៣០០ ០០០​នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ​២៨០ ០០០នាក់​ទៀត ជា​អ្នក​ស្រុក​បេន‌យ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច។

9 នៅ​គ្រា​នោះ ព្រះ‌បាទ​សេ‌រ៉ាស ជា​ស្ដេច​ស្រុក​អេត្យូ‌ពី បាន​លើក​ទ័ព​ចំនួន​មួយ​លាន​នាក់ ព្រម​ទាំង​រទេះ​ចំបាំង​បី​រយ​គ្រឿង មក​ច្បាំង​នឹង​កង‌ទ័ព​យូដា ហើយ​មក​ដល់​ក្រុង​ម៉ារី‌សា។