4 ពេលនោះ ព្រះបាទហានូនចាប់ពួកមន្ត្រីរបស់ព្រះបាទដាវីឌ ហើយឲ្យគេកោរពុកចង្កាមួយចំហៀង ព្រមទាំងកាត់សម្លៀកបំពាក់ឲ្យខ្លីត្រឹមគូថ រួចបណ្ដេញឲ្យទៅវិញ។
5 មានគេនាំដំណឹងនេះទៅទូលព្រះបាទដាវីឌ ទ្រង់ក៏ចាត់អ្នកនាំពាក្យមកជួបពួកមន្ត្រី ដែលត្រូវអាម៉ាស់មុខយ៉ាងខ្លាំងនោះ។ ស្ដេចត្រាស់បង្គាប់ដល់ពួកគេថា៖ «ចូរស្នាក់នៅក្រុងយេរីខូសិនចុះ ចាំដល់ពុកចង្ការបស់អស់លោកដុះឡើងវិញ សឹមត្រឡប់មក»។
6 កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យព្រះបាទដាវីឌក្រេវក្រោធដូច្នេះ ពួកគេក៏ទៅជួលពលទាហានស៊ីរីចំនួនពីរម៉ឺននាក់ពីក្រុងបេតរេហូប និងស្រុកសូបា មួយពាន់នាក់ទៀតពីកងទ័ពរបស់ស្ដេចស្រុកម៉ាកា ព្រមទាំងមួយម៉ឺនពីរពាន់នាក់ទៀតពីស្រុកថូប។
7 ព្រះបាទដាវីឌជ្រាបដំណឹងនេះ ទ្រង់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូល ដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។
8 ទ័ពអាំម៉ូនបានចេញមកត្រៀមនៅមាត់ទ្វារក្រុង រីឯទ័ពស៊ីរីមកពីស្រុកសូបា និងក្រុងបេតរេហូប ព្រមទាំងទ័ពស្រុកថូប និងស្រុកម៉ាកា ចេញមកត្រៀមនៅតាមទីវាល។
9 លោកយ៉ូអាប់ឃើញថា លោកត្រូវប្រឈមមុខច្បាំងតទល់នឹងគេដល់ទៅពីរមុខព្រួញ គឺមួយនៅចំពីមុខ ហើយមួយទៀតនៅពីក្រោយ ដូច្នេះ លោកជ្រើសរើសទាហានដ៏ចំណានៗពីកងទ័ពអ៊ីស្រាអែល រៀបជាក្បួនទ័ពចេញទៅតទល់នឹងពួកស៊ីរី។
10 រីឯកងទ័ពដែលនៅសល់ លោកប្រគល់ឲ្យលោកអប៊ីសាយជាប្អូន ចេញទៅតទល់នឹងជនជាតិអាំម៉ូន។