1 មួយឆ្នាំក្រោយមក គឺនៅរដូវដែលស្ដេចនានាមានទម្លាប់ចេញទៅធ្វើសឹក ព្រះបាទដាវីឌចាត់លោកយ៉ូអាប់ ព្រមទាំងនាយទាហាន និងកងទ័ពអ៊ីស្រាអែលទាំងមូល ឲ្យចេញទៅច្បាំងនឹងជនជាតិអាំម៉ូន។ ពួកគេបានកម្ទេចស្រុកនោះ ហើយឡោមព័ទ្ធក្រុងរ៉ាបាត។ រីឯព្រះបាទដាវីឌគង់នៅក្រុងយេរូសាឡឹម។
2 មានថ្ងៃមួយ នៅពេលរសៀល ព្រះបាទដាវីឌតើនពីផ្ទំ ហើយស្ដេចយាងកំសាន្តតាមថែវ ដែលនៅជាន់ខាងលើព្រះដំណាក់។ ស្ដេចទតឃើញស្ត្រីម្នាក់កំពុងមុជទឹក ស្ត្រីនោះមានរូបឆោមល្អណាស់។
3 ស្ដេចក៏ស៊ើបសួរពីស្ត្រីនោះ គេទូលថា «នាងឈ្មោះបាតសេបា ជាកូនរបស់លោកអេលាម និងជាប្រពន្ធរបស់លោកអ៊ូរី ជាជនជាតិហេត»។
4 ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក នាងមកឯដំណាក់ស្ដេច ហើយស្ដេចក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ ពេលនោះ នាងទើបនឹងមានរដូវ ហើយធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។
5 នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។
6 ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេត មកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។
7 លុះលោកអ៊ូរីមកដល់ ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។