២ សាំយូ‌អែល 11:11-17 KHSV

11 លោក​អ៊ូរី​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា ហិប​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​កង‌ទ័ព​អ៊ីស្រា‌អែល និង​យូដា ស្នាក់​នៅ​ក្នុង​ជំរំ រីឯ​លោក​យ៉ូអាប់ ជា​ចៅហ្វាយ​របស់​ទូលបង្គំ និង​នាយ​ទាហាន ក៏​សម្រាក​នៅ​តាម​វាល​ដែរ។ តើ​ពេល​នេះ ឲ្យ​ទូលបង្គំ​ទៅ​ផ្ទះ ទទួល​ទាន​អាហារ​ឆ្ងាញ់ និង​ដេក​ឱប​ប្រពន្ធ​ម្ដេច​កើត? ទូលបង្គំ​សូម​ស្បថ​ថា ដរាប​ណា​ព្រះ‌ករុណា​មាន​ព្រះ‌ជន្ម​គង់​នៅ ទូលបង្គំ​មិន​ប្រព្រឹត្ត​ដូច្នេះ​ឡើយ!»។

12 ស្ដេច​តប​វិញ​ថា៖ «ថ្ងៃ​នេះ ចូរ​អ្នក​នៅ​ទី​នេះ​សិន​ចុះ ចាំ​ស្អែក យើង​ឲ្យ​អ្នក​ត្រឡប់​ទៅ​វិញ»។ លោក​អ៊ូរី​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​រហូត​ដល់​ស្អែក។

13 ព្រះ‌បាទ​ដាវីឌ​អញ្ជើញ​លោក​មក​ជប់‌លៀង​រួម​តុ ព្រម​ទាំង​បង្អក​ស្រា​លោក​ឲ្យ​ស្រវឹង​ថែម​ទៀត​ផង។ លុះ​ដល់​ល្ងាច លោក​អ៊ូរី​ទៅ​ទទួល​ទាន​ដំណេក​ជា​មួយ​នាយ​ទាហាន​របស់​ស្ដេច​ដដែល គឺ​លោក​ពុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​ទេ។

14 ព្រលឹម​ឡើង ព្រះ‌បាទ​ដាវីឌ​សរសេរ​សំបុត្រ​មួយ​ផ្ញើ​ទៅ​លោក​យ៉ូអាប់ តាម​រយៈ​លោក​អ៊ូរី។

15 ក្នុង​សំបុត្រ​នោះ​ស្ដេច​សរសេរ​ថា៖ «ចូរ​ដាក់​អ៊ូរី​ឲ្យ​នៅ​សមរ‌ភូមិ​មុខ ត្រង់​ចំណុច​ដែល​ក្ដៅ​បំផុត រួច​ដក​ទ័ព​ថយ​មក​វិញ ទុក​ឲ្យ​គាត់​នៅ​តែ​ម្នាក់​ឯង ដើម្បី​ឲ្យ​បច្ចា‌មិត្ត​ប្រហារ​ជីវិត​គាត់»។

16 លោក​យ៉ូអាប់​សង្កេត​មើល​ទីក្រុង​ដែល​លោក​ឡោម‌ព័ទ្ធ ហើយ​ដាក់​លោក​អ៊ូរី​នៅ​កន្លែង​ដែល​លោក​ដឹង​ថា មាន​សត្រូវ​ខ្លាំង​ពូកែ។

17 កង‌ទ័ព​សត្រូវ​ចេញ​មក​ច្បាំង​តទល់​នឹង​កង‌ទ័ព​របស់​លោក​យ៉ូអាប់។ ពួក​គេ​សម្លាប់​ពល​ទាហាន​ខ្លះ ក្នុង​ជួរ​ទ័ព​របស់​ព្រះ‌បាទ​ដាវីឌ រីឯ​លោក​អ៊ូរី ជា​ជន‌ជាតិ​ហេត ក៏​ស្លាប់​ដែរ។