16 លោកយ៉ូអាប់សង្កេតមើលទីក្រុងដែលលោកឡោមព័ទ្ធ ហើយដាក់លោកអ៊ូរីនៅកន្លែងដែលលោកដឹងថា មានសត្រូវខ្លាំងពូកែ។
17 កងទ័ពសត្រូវចេញមកច្បាំងតទល់នឹងកងទ័ពរបស់លោកយ៉ូអាប់។ ពួកគេសម្លាប់ពលទាហានខ្លះ ក្នុងជួរទ័ពរបស់ព្រះបាទដាវីឌ រីឯលោកអ៊ូរី ជាជនជាតិហេត ក៏ស្លាប់ដែរ។
18 លោកយ៉ូអាប់បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ យ៉ាងសព្វគ្រប់អំពីសភាពការណ៍ចំបាំង
19 គឺលោកបញ្ជាអ្នកនាំសារថា៖ «ពេលអ្នករាយការណ៍អំពីសភាពការណ៍ចំបាំងចប់សព្វគ្រប់ហើយ
20 ប្រសិនបើស្ដេចខ្ញាល់ ហើយមានរាជឱង្ការថា “ហេតុអ្វីបានជាអ្នករាល់គ្នាចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ? តើអ្នករាល់គ្នាមិនដឹងថា ខ្មាំងបាញ់ព្រួញពីលើកំពែងក្រុងមកទេឬ?
21 តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាល ត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែងមកចំលោក។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវទូលស្ដេចថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ព្រះករុណាក៏ស្លាប់ដែរ»។
22 អ្នកនាំសារចេញទៅ រាយការណ៍ថ្វាយព្រះបាទដាវីឌ នូវសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូអាប់បានបង្គាប់។