18 លោកយ៉ូអាប់បានចាត់គេឲ្យទៅរាយការណ៍ថ្វាយព្រះបាទដាវីឌ យ៉ាងសព្វគ្រប់អំពីសភាពការណ៍ចំបាំង
19 គឺលោកបញ្ជាអ្នកនាំសារថា៖ «ពេលអ្នករាយការណ៍អំពីសភាពការណ៍ចំបាំងចប់សព្វគ្រប់ហើយ
20 ប្រសិនបើស្ដេចខ្ញាល់ ហើយមានរាជឱង្ការថា “ហេតុអ្វីបានជាអ្នករាល់គ្នាចូលទៅជិតកំពែងក្រុង ក្នុងពេលប្រយុទ្ធ? តើអ្នករាល់គ្នាមិនដឹងថា ខ្មាំងបាញ់ព្រួញពីលើកំពែងក្រុងមកទេឬ?
21 តើអ្នករាល់គ្នាមិនដឹងទេឬថា លោកអប៊ីមាឡេក ជាកូនរបស់លោកយេរូបាល ត្រូវស្លាប់នៅថេបេស ព្រោះតែស្ត្រីម្នាក់ទម្លាក់ថ្មត្បាល់ពីលើកំពែងមកចំលោក។ ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាចូលជិតកំពែងក្រុងយ៉ាងនេះ?” នោះត្រូវទូលស្ដេចថា លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបម្រើរបស់ព្រះករុណាក៏ស្លាប់ដែរ»។
22 អ្នកនាំសារចេញទៅ រាយការណ៍ថ្វាយព្រះបាទដាវីឌ នូវសេចក្ដីទាំងប៉ុន្មាន ដែលលោកយ៉ូអាប់បានបង្គាប់។
23 អ្នកនាំសារនោះបានរៀបរាប់ទូលព្រះបាទដាវីឌថា៖ «ពួកខ្មាំងមានប្រៀបជាងយើងខ្ញុំ គេចេញមកវាយយើងខ្ញុំនៅតាមវាល។ យើងខ្ញុំបានវាយបកទៅវិញ និងរុញពួកគេរហូតដល់ខ្លោងទ្វារក្រុង។
24 ប៉ុន្តែ ពេលនោះ ពួកខ្មាំងបានបាញ់ព្រួញពីលើកំពែងតម្រង់មករកយើងខ្ញុំ ធ្វើឲ្យពលទាហានខ្លះស្លាប់ រីឯលោកអ៊ូរី ជាជនជាតិហេត និងជាអ្នកបម្រើរបស់ព្រះករុណា ក៏ស្លាប់ដែរ»។