4 ព្រះបាទដាវីឌចាត់គេឲ្យទៅនាំនាងមក នាងមកឯដំណាក់ស្ដេច ហើយស្ដេចក៏រួមដំណេកជាមួយនាង រួចនាងវិលត្រឡប់ទៅផ្ទះវិញ។ ពេលនោះ នាងទើបនឹងមានរដូវ ហើយធ្វើពិធីជម្រះកាយឲ្យបរិសុទ្ធ។
5 នាងបាតសេបាក៏មានផ្ទៃពោះ នាងចាត់គេឲ្យទៅទូលព្រះបាទដាវីឌថា៖ «ខ្ញុំម្ចាស់មានគភ៌ហើយ»។
6 ពេលនោះ ព្រះបាទដាវីឌចាត់គេឲ្យទៅប្រាប់លោកយ៉ូអាប់ថា៖ «ចូរបញ្ជូនអ៊ូរី ជាជនជាតិហេត មកជួបយើង»។ លោកយ៉ូអាប់ក៏បញ្ជូនលោកអ៊ូរីមក។
7 លុះលោកអ៊ូរីមកដល់ ព្រះបាទដាវីឌសាកសួរដំណឹងពីលោកយ៉ូអាប់ និងកងទ័ព ព្រមទាំងសភាពការណ៍សឹក។
8 បន្ទាប់មក ស្ដេចមានរាជឱង្ការថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ហើយទៅរួមសុខទុក្ខជាមួយគ្រួសារចុះ»។ លោកអ៊ូរីចាកចេញពីដំណាក់ ហើយស្ដេចក៏ឲ្យគេយកអំណោយទៅជូនលោកតាមក្រោយ។
9 ប៉ុន្តែ លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ គឺលោកទទួលទានដំណេកជាមួយពួកនាយទាហាន នៅខ្លោងទ្វារដំណាក់ស្ដេច។
10 មានគេទូលព្រះបាទដាវីឌថា លោកអ៊ូរីពុំបានត្រឡប់ទៅផ្ទះទេ។ ពេលនោះ ស្ដេចសួរលោកអ៊ូរីថា៖ «អ្នកទើបនឹងធ្វើដំណើរយ៉ាងឆ្ងាយ ហេតុអ្វីបានជាអ្នកមិនវិលទៅផ្ទះរបស់អ្នក?»។