1 ព្រះអម្ចាស់បានចាត់ព្យាការី*ណាថានឲ្យទៅជួបព្រះបាទដាវីឌ។ លោកណាថានចូលគាល់ស្ដេច ហើយទូលថា៖ «នៅក្នុងក្រុងមួយ មានបុរសពីរនាក់ ម្នាក់ជាសេដ្ឋី ម្នាក់ទៀតជាអ្នកក្រ។
2 សេដ្ឋីមានហ្វូងគោ និងហ្វូងចៀមយ៉ាងច្រើនសន្ធឹកសន្ធាប់។
3 រីឯអ្នកក្រវិញ មានកូនចៀមញីតែមួយគត់ ដែលគាត់បានទិញមក។ គាត់ចិញ្ចឹមវា ហើយវាក៏ធំឡើងជាមួយកូនៗរបស់គាត់។ វាធ្លាប់ស៊ីចំណីអាហារ និងផឹកទឹកក្នុងពែងរបស់គាត់ គាត់ដេកឱបវា ហើយគាត់ស្រឡាញ់វាទុកដូចជាកូនស្រីរបស់គាត់។
4 ថ្ងៃមួយ មានអ្នកដំណើរម្នាក់បានមកដល់ផ្ទះរបស់សេដ្ឋី។ សេដ្ឋីនោះពុំដាច់ចិត្តយកសត្វក្នុងហ្វូងចៀម ឬហ្វូងគោរបស់គាត់ មកសម្លាប់ធ្វើម្ហូបអាហារជូនភ្ញៀវទេ ផ្ទុយទៅវិញ គាត់បែរជាទៅយកកូនចៀមរបស់អ្នកក្រ មកកាប់ធ្វើម្ហូបទទួលភ្ញៀវ»។
5 ព្រះបាទដាវីឌខ្ញាល់នឹងសេដ្ឋីនោះយ៉ាងខ្លាំង ហើយមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា មនុស្សដែលប្រព្រឹត្តដូច្នេះ ត្រូវតែទទួលទោសដល់ស្លាប់។
6 គេត្រូវសងកូនចៀមវិញមួយជាបួន ព្រោះគេប្រព្រឹត្តដូច្នេះដោយគ្មានចិត្តត្រាប្រណីសោះ»។
7 ព្យាការីណាថានទូលព្រះបាទដាវីឌវិញថា៖ «បុរសនោះ គឺព្រះករុណាហ្នឹងហើយ! ព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “យើងបានចាក់ប្រេងអភិសេកអ្នក ជាស្ដេចលើជនជាតិអ៊ីស្រាអែល ហើយយើងក៏បានរំដោះអ្នកឲ្យរួចពីកណ្ដាប់ដៃរបស់សូលដែរ។