២ សាំយូ‌អែល 12:19-25 KHSV

19 កាល​ព្រះ‌បាទ​ដាវីឌ​ទត​ឃើញ​រាជ​បម្រើ​ខ្សឹប‌ខ្សៀវ​គ្នា ទ្រង់​ក៏​យល់​ថា កូន​នោះ​ស្លាប់​ហើយ។ ព្រះ‌រាជា​សួរ​ពួក​គេ​ថា៖ «កូន​របស់​យើង​ស្លាប់​ហើយ​ឬ?»។ ពួក​គេ​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! ព្រះ‌ឱរស​នោះ​សុគត​ហើយ»។

20 ព្រះ‌បាទ​ដាវីឌ​ក្រោក​ពី​ដី ស្រង់​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​ព្រះ‌ភូសា រួច​យាង​ចូល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ ពេល​ត្រឡប់​មក​វិញ ស្ដេច​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ព្រះ‌ស្ងោយ ហើយ​ទ្រង់​ក៏​សោយ។

21 ពួក​រាជ​បម្រើ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌ករុណា ស្ដេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ? កាល​ព្រះ‌ឱរស​មាន​ជីវិត​នៅ​ឡើយ ព្រះ‌ករុណា​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ ព្រះ‌ឱរស​សុគត​ផុត​ហើយ ព្រះ‌ករុណា​បែរ​ជា​ក្រោក​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ​វិញ!»។

22 ព្រះ‌បាទ​ដាវីឌ​តប​វិញ​ថា៖ «កាល​កូន​របស់​យើង​រស់​នៅ​ឡើយ យើង​តម​អាហារ និង​សោក​សង្រេង ដោយ​នឹក​ថា ព្រះ‌អម្ចាស់​ប្រហែល​ជា​ប្រណី​សន្ដោស​ដល់​យើង ហើយ​ទុក​ឲ្យ​កូន​នោះ​មាន​ជីវិត​ត​ទៅ​ទៀត។

23 ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​ឲ្យ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ​ដែល​នឹង​មក​ជួប​យើង»។

24 ព្រះ‌បាទ​ដាវីឌ​សម្រាល​ទុក្ខ​នាង​បាត‌សេបា ជា​មហេសី ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​បុត្រ​មួយ​អង្គ រួច​ប្រទាន​នាម​ថា សាឡូម៉ូន។ ព្រះ‌អម្ចាស់​ស្រឡាញ់​បុត្រ​នោះ​ណាស់

25 ព្រះ‌អង្គ​ចាត់​ព្យាការី​ណាថាន​ឲ្យ​ទៅ​ប្រាប់​ព្រះ‌បាទ​ដាវីឌ​ជ្រាប ហើយ​ថ្វាយ​នាម​បុត្រ​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់»។