២ សាំយូ‌អែល 12:22-28 KHSV

22 ព្រះ‌បាទ​ដាវីឌ​តប​វិញ​ថា៖ «កាល​កូន​របស់​យើង​រស់​នៅ​ឡើយ យើង​តម​អាហារ និង​សោក​សង្រេង ដោយ​នឹក​ថា ព្រះ‌អម្ចាស់​ប្រហែល​ជា​ប្រណី​សន្ដោស​ដល់​យើង ហើយ​ទុក​ឲ្យ​កូន​នោះ​មាន​ជីវិត​ត​ទៅ​ទៀត។

23 ឥឡូវ​នេះ កូន​យើង​ស្លាប់​ផុត​ទៅ​ហើយ តើ​យើង​តម​អាហារ​ធ្វើ​អ្វី​ទៀត? យើង​មិន​អាច​ធ្វើ​ឲ្យ​វា​រស់​ឡើង​វិញ​បាន​ឡើយ! យើង​ទេ​តើ​ដែល​នឹង​ទៅ​ជួប​វា គឺ​មិន​មែន​វា​ទេ​ដែល​នឹង​មក​ជួប​យើង»។

24 ព្រះ‌បាទ​ដាវីឌ​សម្រាល​ទុក្ខ​នាង​បាត‌សេបា ជា​មហេសី ហើយ​ក៏​រួម​រស់​ជា​មួយ​នាង។ នាង​ប្រសូត​បាន​បុត្រ​មួយ​អង្គ រួច​ប្រទាន​នាម​ថា សាឡូម៉ូន។ ព្រះ‌អម្ចាស់​ស្រឡាញ់​បុត្រ​នោះ​ណាស់

25 ព្រះ‌អង្គ​ចាត់​ព្យាការី​ណាថាន​ឲ្យ​ទៅ​ប្រាប់​ព្រះ‌បាទ​ដាវីឌ​ជ្រាប ហើយ​ថ្វាយ​នាម​បុត្រ​នោះ​ថា «យេឌី‌ឌីយ៉ា»មាន​ន័យ​ថា «អ្នក​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់»។

26 នៅ​គ្រា​នោះ លោក​យ៉ូអាប់​វាយ​យក​ទីក្រុង​រ៉ាបាត ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន ហើយ​ដណ្ដើម​យក​វាំង​របស់​ស្ដេច។

27 លោក​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ទូលបង្គំ​វាយ​ទីក្រុង​រ៉ាបាត ហើយ​ដណ្ដើម​យក​បាន​កន្លែង​ដែល​រក្សា​ទឹក​ទៀត​ផង។

28 ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ប្រមូល​ទ័ព​ដែល​នៅ​សល់ មក​វាយ​យក​ទីក្រុង​នោះ ដោយ​ផ្ទាល់​ចុះ ក្រែង​ទូលបង្គំ​វាយ​យក​បាន ហើយ​គេ​ថា ក្រុង​នោះ​ជា​កម្មសិទ្ធិ​របស់​ទូលបង្គំ»។