18 ក្មេងបម្រើរបស់សម្ដេចអាំណូនក៏ដេញនាងចេញទៅក្រៅ រួចខ្ទាស់ទ្វារជិត។ ព្រះនាងតាម៉ារពាក់អាវយ៉ាងល្អប្រណីត ដូចបុត្រីរបស់ស្ដេចនានាតែងពាក់ពេលនៅក្រមុំ។
19 ព្រះនាងតាម៉ារយកផេះមករោយលើក្បាល ហើយហែកអាវដ៏ល្អប្រណីតនោះចោល នាងទូលដៃលើក្បាល រួចចេញទៅ ទាំងស្រែកផង។
20 សម្ដេចអាប់សាឡុមជាបងសួរថា៖ «តើបងអាំណូនបានរំលោភលើប្អូនឬ? ចូរនៅស្ងៀមទៅ ព្រោះគាត់ជាបងប្រុសរបស់ឯងទេតើ កុំឈឺចិត្តនឹងរឿងនេះខ្លាំងពេក»។ ចាប់ពីពេលនោះមក ព្រះនាងតាម៉ាររស់នៅជាស្ត្រីដែលគ្មាននរណារាប់រក ក្នុងដំណាក់របស់សម្ដេចអាប់សាឡុម ជាបង។
21 ពេលព្រះបាទដាវីឌជ្រាបរឿងនេះ ទ្រង់ក្រេវក្រោធយ៉ាងខ្លាំង។
22 សម្ដេចអាប់សាឡុមមិននិយាយរកសម្ដេចអាំណូន សូម្បីមួយម៉ាត់សោះឡើយ ព្រោះទ្រង់ស្អប់សម្ដេចអាំណូន ដែលបានចាប់រំលោភព្រះនាងតាម៉ារជាប្អូនស្រី។
23 ពីរឆ្នាំក្រោយមក ពួកគង្វាលរបស់សម្ដេចអាប់សាឡុម កាត់រោមចៀមនៅបាល-ហាសោរ ជិតភូមិអេប្រាអ៊ីម។ សម្ដេចអាប់សាឡុមបានអញ្ជើញបុត្រទាំងអស់របស់ព្រះបាទដាវីឌឲ្យមកចូលរួមដែរ។
24 សម្ដេចអាប់សាឡុមបានចូលទៅគាល់ព្រះរាជា ហើយទូលថា៖ «បពិត្របិតា ពួកគង្វាលរបស់ទូលបង្គំកំពុងតែកាត់រោមចៀម សូមបិតាមេត្តាយាងទៅចូលរួមក្នុងពិធីនោះជាមួយពួកមន្ត្រីរបស់បិតាផង»។