២ សាំយូ‌អែល 13:19-25 KHSV

19 ព្រះ‌នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ ទាំង​ស្រែក​ផង។

20 សម្ដេច​អាប់‌សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក ព្រះ‌នាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ជា​បង។

21 ពេល​ព្រះ‌បាទ​ដាវីឌ​ជ្រាប​រឿង​នេះ ទ្រង់​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង។

22 សម្ដេច​អាប់‌សាឡុម​មិន​និយាយ​រក​សម្ដេច​អាំណូន សូម្បី​មួយ​ម៉ាត់​សោះ​ឡើយ ព្រោះ​ទ្រង់​ស្អប់​សម្ដេច​អាំណូន ដែល​បាន​ចាប់​រំលោភ​ព្រះ‌នាង​តាម៉ារ​ជា​ប្អូន​ស្រី។

23 ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្ដេច​អាប់‌សាឡុម កាត់​រោម​ចៀម​នៅ​បាល-‌ហាសោរ ជិត​ភូមិ​អេប្រាអ៊ីម។ សម្ដេច​អាប់‌សាឡុម​បាន​អញ្ជើញ​បុត្រ​ទាំង​អស់​របស់​ព្រះ‌បាទ​ដាវីឌ​ឲ្យ​មក​ចូល​រួម​ដែរ។

24 សម្ដេច​អាប់‌សាឡុម​បាន​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ទូល​ថា៖ «បពិត្រ​បិតា ពួក​គង្វាល​របស់​ទូលបង្គំ​កំពុង​តែ​កាត់​រោម​ចៀម សូម​បិតា​មេត្តា​យាង​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ​ជា​មួយ​ពួក​មន្ត្រី​របស់​បិតា​ផង»។

25 ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​ឲ្យ​កូន​ពិបាក»។ សម្ដេច​អាប់‌សាឡុម​បាន​ទទូច​អង្វរ​ព្រះ‌រាជា តែ​ស្ដេច​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​ទ្រង់​គ្រាន់​តែ​ប្រទាន​ពរ​ឲ្យ​បុត្រ​ប៉ុណ្ណោះ។