២ សាំយូ‌អែល 13:6-12 KHSV

6 សម្ដេច​អាំណូន​ក៏​ទៅ​ផ្ទំ ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ព្រះ‌រាជា​យាង​មក​សួរ​សុខ​ទុក្ខ សម្ដេច​ទូល​ថា៖ «សូម​បិតា​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​ទូលបង្គំ មក​ធ្វើ​នំ​ពីរ នៅ​មុខ​ទូលបង្គំ រួច​ហើយ​នាង​លើក​នំ​នោះ​មក​ឲ្យ​ទូលបង្គំ​ដោយ​ផ្ទាល់​ដៃ ទើប​ទូលបង្គំ​ទទួល​ទាន»។

7 ព្រះ‌បាទ​ដាវីឌ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ព្រះ‌នាង​តាម៉ារ នៅ​ឯ​ដំណាក់​របស់​ព្រះ‌នាង​ថា៖ «ចូរ​ទៅ​ដំណាក់​អាំណូន​ជា​បង​របស់​នាង ហើយ​រៀបចំ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​បង​សោយ​ផង»។

8 ព្រះ‌នាង​តាម៉ារ​យាង​ទៅ​ដល់​ដំណាក់​របស់​សម្ដេច​អាំណូន ជា​បង​ដែល​កំពុង​ផ្ទំ​លើ​គ្រែ។ ព្រះ‌នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។

9 ព្រះ‌នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ថ្វាយ​សម្ដេច​អាំណូន ប៉ុន្តែ សម្ដេច​មិន​ព្រម​សោយ​ទេ។ សម្ដេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។

10 សម្ដេច​អាំណូន​ប្រាប់​ព្រះ‌នាង​តាម៉ារ​ថា៖ «ចូរ​យក​នំ​មក​ឲ្យ​បង​ដល់​គ្រែ​ផង ដើម្បី​ឲ្យ​បង​ទទួល​ទាន​នំ​ពី​ដៃ​របស់​ប្អូន​ផ្ទាល់»។ ព្រះ‌នាង​តាម៉ារ​យក​នំ​ដែល​ខ្លួន​បាន​ធ្វើ​នោះ ទៅ​ថ្វាយ​សម្ដេច​អាំណូន​ដល់​គ្រែ។

11 ពេល​នាង​កំពុង​លើក​នំ​មក​ថ្វាយ​នោះ សម្ដេច​ចាប់​នាង ទាំង​ពោល​ថា៖ «អូន​អើយ! ចូរ​មក​រួម​ដំណេក​ជា​មួយ​បង!»។

12 ព្រះ‌នាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​ម្ចាស់​បែប​នេះ! នៅ​ស្រុក​អ៊ីស្រា‌អែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​ឲ្យ​សោះ។