12 នាងនោះទូលទៀតថា៖ «បពិត្រព្រះករុណា សូមមេត្តាប្រោសឲ្យខ្ញុំម្ចាស់ទូលថ្វាយថែមមួយម៉ាត់ទៀត»។ ស្ដេចមានរាជឱង្ការថា៖ «ចូរនិយាយមក!»។
13 នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអំបាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្ដេចអាប់សាឡុម ដែលស្ដេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។
14 មនុស្សយើងតែងតែស្លាប់ក្នុងថ្ងៃណាមួយមិនខាន គឺយើងប្រៀបដូចជាទឹកដែលគេចាក់លើដីហើយ ពុំអាចប្រមូលវិញបានឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់មិននាំអ្នកដែលស្លាប់ទៅហើយឲ្យវិលមកវិញទេ តែព្រះអង្គសព្វព្រះហឫទ័យរៀបចំគម្រោងការ ដើម្បីឲ្យសម្ដេចអាប់សាឡុមដែលត្រូវនិរទេសឆ្ងាយពីព្រះអង្គនោះ វិលត្រឡប់មកវិញ។
15 ខ្ញុំម្ចាស់មកទូលរឿងនេះថ្វាយព្រះករុណាហើយ ព្រោះប្រជារាស្ត្របានធ្វើឲ្យខ្ញុំម្ចាស់ភ័យបារម្ភ។ ខ្ញុំម្ចាស់នឹកថា ប្រសិនបើខ្ញុំម្ចាស់មកទូលព្រះករុណា ស្ដេចប្រហែលជាធ្វើតាមពាក្យរបស់ខ្ញុំម្ចាស់ ដែលជាអ្នកបម្រើរបស់ព្រះករុណា។
16 ព្រះករុណាមុខជាស្ដាប់ពាក្យខ្ញុំម្ចាស់ ហើយរំដោះខ្ញុំម្ចាស់ និងកូន ពីកណ្ដាប់ដៃរបស់អ្នកដែលចង់បំផ្លាញយើងឲ្យបាត់ពីទឹកដី ជាកេរមត៌ករបស់ព្រះជាម្ចាស់។
17 ខ្ញុំម្ចាស់នឹកថា រាជឱង្ការរបស់ព្រះករុណាពិតជាធ្វើឲ្យមានភាពស្ងប់ស្ងៀម ដ្បិតព្រះករុណាប្រៀបដូចជាទេវតារបស់ព្រះជាម្ចាស់ ព្រះករុណាស្គាល់ល្អ ស្គាល់អាក្រក់។ សូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណាគង់ជាមួយព្រះករុណា!»។
18 ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «យើងសូមសួរនាងរឿងមួយ ហើយនាងមិនត្រូវលាក់លៀមអ្វីឡើយ»។ ស្ត្រីនោះទូលវិញថា៖ «បពិត្រព្រះករុណា សូមមានរាជឱង្ការមកចុះ!»។