២ សាំយូ‌អែល 14:18-24 KHSV

18 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ស្ត្រី​នោះ​ថា៖ «យើង​សូម​សួរ​នាង​រឿង​មួយ ហើយ​នាង​មិន​ត្រូវ​លាក់‌លៀម​អ្វី​ឡើយ»។ ស្ត្រី​នោះ​ទូល​វិញ​ថា៖ «បពិត្រ​ព្រះ‌ករុណា សូម​មាន​រាជ‌ឱង្ការ​មក​ចុះ!»។

19 ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​លោក​យ៉ូអាប់​ឬ​ដែល​បាន​រួម​គំនិត​ជា​មួយ​នាង​ក្នុង​រឿង​នេះ?»។ នាង​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ខ្ញុំ​ម្ចាស់​សូម​ស្បថ​ថា នេះ​ពិត​ដូច​ព្រះ‌ករុណា​មាន​រាជ‌ឱង្ការ​មែន! គឺ​លោក​យ៉ូអាប់ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា បាន​បង្គាប់​ឲ្យ​ខ្ញុំ​ម្ចាស់​និយាយ​ពាក្យ​ទាំង​អស់​នេះ។

20 លោក​ធ្វើ​ដូច្នេះ ដើម្បី​សម្រួល​សភាព​ការណ៍។ ប៉ុន្តែ ព្រះ‌ករុណា​ជ្រាប​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​នៅ​លើ​ផែនដី ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​ដូច​ទេវតា​របស់​ព្រះ‌ជាម្ចាស់​ដែរ»។

21 ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​លោក​យ៉ូអាប់​ថា៖ «យើង​យល់​ព្រម​តាម​សំណូម​ពរ​របស់​លោក​ហើយ ចូរ​ទៅ​នាំ​អាប់‌សាឡុម​មក​វិញ​ចុះ»។

22 លោក​យ៉ូអាប់​ក្រាប​ថ្វាយ‌បង្គំ​ស្ដេច​អោន​មុខ​ដល់​ដី ហើយ​អរ​ព្រះ‌គុណ​ថា៖ «បពិត្រ​ព្រះ‌ករុណា​ជា​អម្ចាស់ ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ព្រះ‌ករុណា​នៅ​តែ​ប្រណី​សន្ដោស​ទូលបង្គំ ព្រោះ​ស្ដេច​បាន​យល់​ព្រម​តាម​សំណូម​ពរ​របស់​ទូលបង្គំ»។

23 លោក​យ៉ូអាប់​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​ស្រុក​កេស៊ួ‌រី ហើយ​នាំ​សម្ដេច​អាប់‌សាឡុម វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

24 ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ឲ្យ​គេ​ទៅ​ដំណាក់​របស់​គេ​ចុះ កុំ​ឲ្យ​គេ​មក​ជួប​មុខ​យើង​ឡើយ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​យាង​ទៅ​ដំណាក់​របស់​ខ្លួន​វិញ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទេ។