២ សាំយូ‌អែល 14:25-31 KHSV

25 នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​រូប​សម្បត្តិ​ល្អ​ស្អាត គួរ​ជា​ទី​គយ‌គន់​ដូច​សម្ដេច​អាប់‌សាឡុម​ទេ តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។

26 រៀង​រាល់​ឆ្នាំ សម្ដេច​អាប់‌សាឡុម​តែងតែ​កាត់​សក់​នៅ​ពេល​ចុង​ឆ្នាំ ព្រោះ​សក់​នោះ​ធ្ងន់​ពេក។ គេ​ថ្លឹង​សក់​នោះ​ឃើញ​មាន​ទម្ងន់​ជាង​ពីរ​គីឡូ​ក្រាម តាម​របៀប​ថ្លឹង​របស់​ស្ដេច។

27 សម្ដេច​អាប់‌សាឡុម​មាន​បុត្រា​បី​អង្គ និង​បុត្រី​មួយ​អង្គ។ បុត្រី​នោះ​មាន​នាម តាម៉ារ ដែល​មាន​រូប​ឆោម​ស្រស់​ស្អាត​ណាស់។

28 សម្ដេច​អាប់‌សាឡុម​គង់​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ពីរ​ឆ្នាំ ដោយ​ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ព្រះ‌រាជា​ទេ។

29 ថ្ងៃ​មួយ សម្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​យ៉ូអាប់​មក ដើម្បី​នាំ​សម្ដេច​ចូល​ទៅ​គាល់​ព្រះ‌រាជា ប៉ុន្តែ លោក​យ៉ូអាប់​មិន​ព្រម​មក​ទេ។ សម្ដេច​អាប់‌សាឡុម​ចាត់​គេ​ឲ្យ​ទៅ​ជា​លើក​ទី​ពីរ តែ​លោក​យ៉ូអាប់​នៅ​តែ​មិន​ព្រម​ដដែល។

30 ហេតុ​នេះ សម្ដេច​អាប់‌សាឡុម​បង្គាប់​ពួក​អ្នក​បម្រើ​ថា៖ «មើល៍! ស្រែ​លោក​យ៉ូអាប់​នៅ​ជាប់​នឹង​ស្រែ​យើង ចូរ​ដុត​ចោល​ទៅ!»។ អ្នក​បម្រើ​នាំ​គ្នា​ដុត​ស្រែ​របស់​លោក​យ៉ូអាប់។

31 ដូច្នេះ លោក​យ៉ូអាប់​ក៏​អញ្ជើញ​ទៅ​ដំណាក់​របស់​សម្ដេច​អាប់‌សាឡុម ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​បម្រើ​របស់​សម្ដេច​ដុត​ស្រែ​របស់​ទូលបង្គំ​ចោល?»។