3 បន្ទាប់មក នាងត្រូវចូលទៅគាល់ស្ដេច ហើយទូលតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។
4 ដូច្នេះ ស្ត្រីអ្នកភូមិតេកូអានោះក៏ចូលទៅគាល់ស្ដេច។ នាងក្រាបថ្វាយបង្គំស្ដេច ដោយអោនមុខដល់ដី ហើយទូលថា៖ «បពិត្រព្រះករុណា! សូមជួយខ្ញុំម្ចាស់ផង!»។
5 ស្ដេចមានរាជឱង្ការសួរថា៖ «តើនាងមានការអ្វី?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់ជាស្រីមេម៉ាយ ដែលប្ដីស្លាប់ចោល!
6 ខ្ញុំម្ចាស់មានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
7 ឥឡូវនេះ ញាតិសន្ដានរបស់ខ្ញុំម្ចាស់ លើកគ្នាប្រឆាំងនឹងខ្ញុំម្ចាស់។ ពួកគេពោលថា “ចូរប្រគល់ឃាតកមកឲ្យយើង យើងនឹងសម្លាប់វា ដើម្បីសងសឹកជំនួសបងប្អូនរបស់វាដែលស្លាប់នោះ ហើយយើងក៏ចង់បំផ្លាញពូជពង្សរបស់វាផងដែរ”។ ពួកគេចង់បំផ្លាញក្ដីសង្ឃឹមដែលខ្ញុំម្ចាស់មានសេសសល់ ហើយមិនចង់ទុកឲ្យវង្សត្រកូលប្ដីរបស់ខ្ញុំម្ចាស់មានកូនចៅ បន្តពូជពង្សនៅលើផែនដីនេះឡើយ»។
8 ស្ដេចមានរាជឱង្ការទៅកាន់ស្ត្រីនោះថា៖ «ចូរវិលទៅផ្ទះវិញចុះ យើងនឹងបង្គាប់គេឲ្យសម្រួលរឿងនេះ»។
9 ស្ត្រីនោះទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់ ទោះបីមានហេតុការណ៍អ្វីកើតឡើងក្នុងរឿងនេះក៏ដោយ ខ្ញុំម្ចាស់ និងក្រុមគ្រួសារសុខចិត្តទទួលខុសត្រូវទាំងស្រុង មិនឲ្យកំហុសនេះធ្លាក់លើព្រះករុណា ឬរាជបល្ល័ង្កឡើយ»។